សម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបង្កភាពងាយស្រួល ក្នុងការជួបជុំគណបក្សនយោបាយទាំងអស់
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់បង្កភាពងាយស្រួលដល់គ្រប់គណបក្សនយោបាយ ដែលស្របច្បាប់បានជួបជុំគ្នានៅតាមមូលដ្ឋានរបស់ខ្លួនជៀសវាងប៉ះទង្គិចគ្នាដោយសារការបោះឆ្នោតនៅពេលខាងមុន។
ក្នុងសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពាន ៧កន្លែង ស្ថិតនៅក្នុងខេត្តក្រចេះ និងព្រៃវែង ជាជំនួយរបស់រដ្ឋាភិបាលជប៉ុន តម្លៃប្រមាណ ៣៥លានដុល្លារអាមេរិក នាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ជិតបោះឆ្នោតមានគណបក្សនយោបាយជាច្រើនបានធ្វើការជួបជុំជាមួយសកម្មជនរបស់ខ្លួន ដូច្នេះអាជ្ញាធរនៅតាមមូលដ្ឋានត្រូវតែបង្កភាពងាយស្រួលដល់គ្រប់គណបក្សនយោបាយទាំងអស់នោះអាចជួបជុំគ្នាដោយសេរី និងគ្មានការរើអើងពីអាជ្ញាធរ។
សម្ដេចតេជោ ក៏បានអំពាវនាវដល់គ្រប់គណបក្សនយោបាយទាំងអស់នោះ ត្រូវតែចូលរួមគោរពច្បាប់ដែលបានដាក់ចេញដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប ហើយការបង្ករភាពងាយស្រួលនេះបានតែគណបក្សនយោបាយដែលចុះបញ្ជីនៅគ.ជ.បតែប៉ុណ្ណោះ។
យោងតាមសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល បានឲ្យដឹងថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី ការបើកដំណើរការ នៃការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ គ.ជ.ប គម្រោងចំណាយថវិកា៤៣លានដុល្លារ៕EB