ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានប្រកាសសារជាថ្មី ថា សម្ដេច នឹងធ្វើជានាយករដ្ឋមន្ដ្រីកម្ពុជា រហូតដល់មិនចង់ធ្វើ ដោយលែកកំណត់ឆ្នាំទៀតហើយ។

សម្ដេចតេជោ ហ៊ុន សែន លើកឡើងបែបនេះ បន្ទាប់ពីមានអ្នកប្រឆាំងមួយចំនួន បានលើកឡើងថា សម្ដេចតេជោ ល្មមដល់ឈប់ធ្វើនាយករដ្ឋមន្ដ្រីហើយ ឲ្យអ្នកថ្មីឡើងជំនួស។ 

ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ «ភូមិកុមារ SOS» ស្ថិតនៅក្នុងខេត្តព្រៃវែង នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា មេដឹកនាំកម្ពុជាសព្វថ្ងៃ កើតចំពោះពេលប្រទេសមានសង្គ្រាម ហើយក៏មានស្ថានភាពដ៏លំបាក ជាពិសេស កម្ពុជា បានឆ្លងកាត់ការលំបាកច្រើនណាស់ ទើបមានការរីកចម្រើនមកដល់សព្វថ្ងៃនេះ។

សម្ដេចតេជោ បានបញ្ជាក់ថា «ខ្ញុំ និយាយសារជាថ្មីថា ខ្ញុំ នឹងធ្វើជានាយរដ្ឋមន្ដ្រី រហូតដល់ ខ្ញុំ ឈប់ចង់ ធ្វើជានាយករដ្ឋមន្ដ្រី ចង់អ្នកណា ថាអី ថាទៅ  យើងនឹងធ្វើជានាយករដ្ឋមន្ដ្រី រហូតដល់មិនចង់ធ្វើ»។

សម្ដេចតេជោ ក៏បានរំលឹកថា នាពេលដំបូង សម្ដេច ក៏បានកំណត់ធ្វើជានាយករដ្ឋមន្ដ្រី រយៈពេល ៥ឆ្នាំ ដល់ ១០ឆ្នាំ ប៉ុន្ដែឥលូវនេះ សម្ដេច អត់កំណត់ទៀតឡើយ សម្ដេច នឹងធ្វើនាយករដ្ឋមន្ដ្រី រហូតដល់មិនចង់ធ្វើ។

នាឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក៏បានលើកទៀតថា មានបណ្ដាប្រទេសអ្នកមានមួយចំនួន បានប្រដៅប្រទេសកម្ពុជានោះ សម្ដេចតេជោ បានឆ្លើយតបវិញ ថា «ពួកអ្នកឯងមានសំណាងល្អ ត្រង់កើតក្នុងប្រទេសអ្នកមានប៉ុណ្ណោះ ប៉ុន្ដែត្រង់ខួរក្បាលពួកអ្នកឯង មិនប្រាកដប្រកែជាងខ្ញុំទេ»៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ