ក្នុងរយៈពេល១១ខែ ឆ្នាំ២០២១នេះ ប្រតិបត្តិការបោសសម្អាតមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម រំដោះផ្ទៃដីចម្ការមីន សរុបជាង៩០ លានម៉ែត្រក្រឡា
ភ្នំពេញ៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា(CMAC)បានគូសបញ្ជាក់ថា ក្នុងរយៈពេល១១ខែ ចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០២១នេះ កិច្ចប្រតិបត្តិការបោសសម្អាតមីននិងសំណល់យុទ្ធភណ្ឌ សង្គ្រាម រំដោះផ្ទៃដីចម្ការមីន និងចម្ការគ្រាប់សរុបទំហំ ៩១ ៩១៩ ៩៧២ ម៉ែត្រក្រឡា ស្មើនឹងជាង ៩២ភាគរយ នៃផែនការ។ ការគូសបញ្ជាក់តាមរយៈផេកហ្វេសប៊ុកផ្លូវការរបស់លោក នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១។
បើតាមលោក ហេង រតនាបានឱ្យដឹងថា លទ្ធផលការងារគ្រប់មុខព្រួញរបស់អង្គភាពCMACក្នុងរយៈពេល១១ខែ ចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានទទួលលទ្ធផលប្រកបដោយជោគជ័យ គួរឱ្យកត់សម្គាល់បើទោះជាស្ថិតក្នុងបរិបទសកលនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ក៏ដោយ។ ទន្ទឹមនេះ សម្រាប់ការរុករកឃើញនិងកម្ទេចចោលគ្រាប់មីន និងយុទ្ធភណ្ឌមិន ទាន់ផ្ទុះគ្រប់ប្រភេទសរុបចំនួន ៨២ ១៣៨ គ្រាប់ ក្នុងនោះគ្រាប់មីនប្រឆាំងមនុស្សចំនួន ១៦ ១៣៨ គ្រាប់ មីនប្រឆាំងរថក្រោះចំនួន៣២៣គ្រាប់ គ្រាប់បែកទម្លាក់ពីយន្ដហោះ៣៩គ្រាប់ គ្រាប់បែកចង្កោម ៨ ០៩០ គ្រាប់ មីនច្នៃចំនួន១៧គ្រាប់ និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន ៥៧ ៥៣១ គ្រាប់។
មួយគ្នានេះដែរ លោកបានលើកឡើងថា នៅក្នុងរយៈពេល១១ខែ ចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០២១នេះដែរ អង្គភាពស៊ីម៉ាក់ និងបណ្តាញស្ម័គ្រចិត្តតាមភូមិ ឃុំ ស្រុកបានចុះធ្វើការផ្សព្វផ្សាយអប់រំ លើសពីនេះទៀត ក្រុមការងារក៏បានចុះពិនិត្យទីតាំងគ្រាប់មីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលប្រជាពលរដ្ឋបានរាយការណ៍ និងបានកម្ទេចចោលគ្រាប់មីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទបានចំនួនជិត ១៥ ៤០០ គ្រាប់ និងអាវុធធុនស្រាលមួយចំនួនផងដែរ៕SP