ក្រសួងកសិកម្ម ទាត់ចោល ចំពោះការផ្សាយរបស់បណ្តាញសង្គម ផែង វណ្ណៈ ពាក់ព័ន្ធសិទ្ធិអំណាចចាត់ចែងជំនួញជ្រូក មាន់ ទា គោ ក្របី
ភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ បានចេញសេចក្ដីប្រកាសព័ត៌មាន បានច្រានចោលខ្លឹមសារទាំងស្រុង ដែលលោក ផែង វណ្ណៈ ផ្សាយពាក់ព័ន្ធនឹងសិទ្ធិអំណាចចាត់ចែងមុខរបរជំនួញជ្រូក មាន់ ទា គោ ក្របី នៅក្រសួងកសិកម្ម។
ក្រសួងកសិកម្ម បានពន្យល់ទាក់ទងនឹងការផ្សព្វផ្សាយព័ត៌មានរបស់លោក ផែង វណ្ណៈ យ៉ាងដូច្នេះថា៖
១. ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមច្រានចោលនូវខ្លឹមសារទាំងស្រុង ដែលបានចុះផ្សាយដោយបណ្ដាញសង្គម «Pheng Vannak News» កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ ដោយហេតុថាការផ្សព្វផ្សាយព័ត៌មាននេះ មិនត្រឹមត្រូវទៅតាមសភាពការណ៍ពិតជាក់ស្តែងនោះឡើយ និងបានធ្វើឱ្យប៉ះពាល់ដល់ការគ្រប់គ្រងរបស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
២. ពាក់ព័ន្ធនឹងបញ្ហានេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទសូមធ្វើការពន្យល់ដល់សាធារណជនបានជ្រាបថា ការធ្វើអាជីវកម្មនាំចេញ នាំចូល និងនាំឆ្លងកាត់សត្វ និងផលិតផលសត្វ ត្រូវបានអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមលក្ខខណ្ឌ នីតិវិធី និងបទដ្ឋានបច្ចេកទេសបសុព្យាបាល ដូចមានចែងក្នុងច្បាប់ស្ដីពីសុខភាពសត្វ និងផលិតកម្មសត្វ។ រាល់ការ ស្នើសុំនាំចេញ នាំចូល និងនាំឆ្លងកាត់សត្វ និងផលិតផលសត្វ គឺចាំបាច់ត្រូវឆ្លងកាត់ការពិនិត្យ និងផ្តល់យោបល់ពី អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដែលជាសេនាធិការជំនាញបច្ចេកទេសរបស់ក្រសួង មុននឹងក្រសួង ចេញលិខិតអនុញ្ញាតពោលគឺមិនមានអ្នកណាម្នាក់ចាត់ចែងការងារនេះ ជំនួសមុខឱ្យអង្គភាពជំនាញបានឡើយ។
៣. ក្នុងគោលដៅពង្រឹងការងារគ្រប់គ្រងផ្នែកសុខភាពសត្វ និងផលិតកម្មសត្វ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ នឹងបន្តការរឹតបន្ដឹងវិធានការបច្ចេកទេស សំដៅការពារសុខភាពសាធារណៈ បង្ការ ទប់ស្កាត់ និងលុបបំបាត់ការ ឆ្លងរាលដាលជំងឺសត្វ ព្រមទាំងធានានិរន្តរភាពនៃការផ្គត់ផ្គង់ផលិតផលសត្វ ប្រកបដោយគុណភាព និងសុវត្ថិភាព៕EB