រដ្ឋបាលខេត្តសៀមរាប ប្រកាសច្រានចោលការផ្សាយព័ត៌មានថា មានករណីចង់កសម្លាប់ខ្លួន ព្រោះអន់ចិត្តប្រឡងធ្លាក់
ភ្នំពេញ ៖ រដ្ឋបាលខេត្តសៀមរាប បានប្រកាសច្រានចោលចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិតថា មានយុវជនីឈ្មោះ រស់ សំអុន បានចង់កសម្លាប់ខ្លួន ព្រោះអន់ចិត្តនឹងប្រឡងធ្លាក់ នៅភូមិដូនឪ ឃុំលាងដៃ ស្រុកអង្គរធំ។
រដ្ឋបាលខេត្តសៀមរាប ប្រកាសច្រានចោលបែបនេះក្រោយពីមានគណនីហ្វេសប៊ុកឈ្មោះ អនុរក្សវិទ្យាល័យ ហ៊ុន សែន កំពង់ពពិល គណនីហ្វេសប៊ុកឈ្មោះ ខ្យល់ និងគណនីបណ្តាញសង្គមមួយចំនួនទៀត បានផ្សព្វផ្សាយថា មានយុវនារីឈ្មោះ រស់ សំអុន បានចងកសម្លាប់ខ្លួន ព្រោះអន់ចិត្តនឹងប្រឡងធ្លាក់ ភូមិដូនឪ ឃុំលាងដៃ ស្រុកអង្គរធំ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២នេះ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ រដ្ឋបាលខេត្តសៀមរាប នាថ្ងៃទី២៣ ធ្នូ នេះថា តាមការបញ្ជាក់ពី ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ករណីនេះ គឺបានកើតឡើងពីឆ្នាំ២០១៨ ដោយវិបត្តិផ្លូវចិត្តក្នុងគ្រួសារ មិនពាក់ព័ន្ធការប្រឡងនោះឡើយ។
ជាមួយគ្នានេះ រដ្ឋបាលខេត្តសៀមរាប បានស្នើដល់ម្ចាស់គណនីទាំងអស់ ដែលបានផុសផ្សព្វផ្សាយតាមបណ្តាញសង្គម សូមកែតម្រូវជាបន្ទាន់ និងកុំបន្តផ្សព្វផ្សាយ ឬចែករំលែកបន្តទៀត។
ក្នុងន័យនេះ រដ្ឋបាលខេត្តសៀមរាប បានបញ្ជាក់ថា «សូមប្រកាសច្រានចោលការផ្សព្វផ្សាយព័ត៌មានជុំវិញករណី ធ្វើអត្តឃាតនៅស្រុកអង្គរធំ ខេត្តសៀមរាប និងសូមអំពាវនាវដល់សាធារណជនទាំងអស់ប្រើប្រាស់ព័ត៌មាន បណ្តាញសង្គម ដោយមានប្រភពច្បាស់លាស់ ជៀសវាងការផ្សព្វផ្សាយ និងចែករំលែក(share)បន្ត ដោយគ្មានមូលដ្ឋាន ហើយអាចប្រឈមចំពោះមុខច្បាប់»៕EB