(មានវីដេអូ) សម្ដេចក្រឡាហោម ស ខេង ព្រមានចាត់វិធានការចំពោះមន្ដ្រីនគរបាលណាទារលុយជាថ្នូរ នៅពេលប្រជាពលរដ្ឋដោះស្រាយយកម៉ូតូ ឬរថយន្ដ ត្រឡប់មកវិញ
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានព្រមានចាត់វិធានការចំពោះមន្ដ្រីនគរបាលណា ទារលុយពីប្រជាពលរដ្ឋបន្ថែមទៀត នៅពលរដ្ឋយកម៉ូតូ ឬរថយន្ដ ត្រឡប់មកវិញ ក្រោយដោះស្រាយគ្នារួច។
ក្នុងពិធីបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារងា ឆ្នាំ២០២៣ ដែលពិធីនេះប្រារព្ធធ្វើឡើង នៅស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ សម្ដេចក្រឡាហោម ស ខេង បានអំពាវនាវដល់សមត្ថកិច្ច ចូលរួមដើម្បីដោះស្រាយបញ្ហានានាជូនប្រជាពលរដ្ឋ ឱ្យបានត្រឹមត្រូវបំផុត។
សម្ដេចក្រឡាហោម បញ្ជាក់ថា «សមត្ថកិច្ចផ្សេងទៀត ដែលមានការពាក់ព័ន្ធ សូមអំពាវនាវ និងចូលរួម ដើម្បីដោះស្រាយបញ្ហានេះឱ្យបានត្រឹមត្រូវ។ ខ្ញុំ ចង់និយាយថា សមត្ថកិច្ច នគរបាល យកទៅកន្លែងប៉ុស្ដិ៍ នៅពេលដោះចប់ហើយ ទារយកឡាន ទារយកម៉ូតូ មិនបាន ត្រូវបង់លុយថែម អាហ្នឹងសូមឱ្យប្រយ័ត្ន កុំធ្វើបែបនេះ»។
សម្ដេចក្រឡាហោម ស ខេង លើកឡើងថា សមត្ថកិច្ច ត្រូវបន្តដឹកនាំរឹតបន្តឹងការអនុវត្តច្បាប់ឱ្យកាន់តែមានប្រសិទ្ធភាព និងនិរន្តភាព ស្របតាមតំបន់ភូមិសាស្ត្រ កន្លែងដែលកើតមានគ្រោះថ្នាក់ច្រើន ជាមួយនេះត្រូវយកចិត្តទុកលើអ្នកបើកបរយានយន្តស្ថិតក្រោមឥទ្ធិពលនៃគ្រឿងញៀន និងគ្រឿងស្រវឹង ដោយចាត់វិធានឱ្យបានម៉ឺងម៉ាត់ លើការពិន័យ ឬបញ្ចូនទៅតុលាការ ដោយគ្មានការលើកលែង។
សម្ដេចក្រឡាហោម បន្ថែមថា គ្រោះថ្នាក់ទាំងនេះបានបង្កដោយ អ្នកប្រើប្រាស់ផ្លូវមួយចំនួនដែលមិនគោរពប្រតិបត្តិច្បាប់ ខ្វះសីលធម៌ ខ្វះការយោគយល់ អាធ្យាស្រ័យ ហាក់បីដូចជាមិនស្រឡាញ់ជីវិតខ្លួនឯង ឬជីវិតអ្នកដទៃ។ សម្ដេចក្រឡាហោម បញ្ជាក់ថា ស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកក្នុងឆ្នាំ២០២២ បានតម្រូវឱ្យយើង ធ្វើការត្រួតពិនិត្យឡើងវិញនូវចំណុចវិជ្ជមាន និងអវិជ្ជមាន ដើម្បីដកពិសោធន៍ និងដោះស្រាយបញ្ហាប្រឈមឱ្យបានទាន់ពេលវេលា សំដៅកែលម្អ និងបង្កើនប្រសិទ្ធផល ការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកក្នុងឆ្នាំ២០២៣៕EB