ភ្នំពេញ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា មិនមានផ្លាកលេខណាមួយឡើយ ដែលអាចបង្ការការពារគ្រោះថ្នាក់ចរាចរណ៍ បើទោះបីជាផ្លាកលេខពិសេសក៏ដោយ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លើកឡើងបែបនេះ ក្នុងឱកាសពិធីបើកព្រឹត្តិការណ៍ «អបអរសាទរ ខួប៣ឆ្នាំ លេខពិសេសផ្ទាល់ខ្លួន» នៅសួនច្បារមុខវត្តបទុមវតី នាព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣។
លោកទេសរដ្ឋមន្ត្រី មានប្រសាសន៍ថា «មិនថាផ្លាកលេខអ្វី ផ្លាកលេខធម្មតា ឬផ្លាកលេខពិសេស សុទ្ធតែមិនអាចការពារគ្រោះចរាចរណ៍បានឡើយ មានតែការគោរពច្បាប់ចរាចរណ៍ ការបើកបរដោយប្រុងប្រយ័ត្ន និងស្មារតីទទួលខុសត្រូវទើបចៀសផុត»។
យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១២លើក បណ្ដាលឲ្យមនុស្សស្លាប់៦នាក់ និងរបួសធ្ងន់ និងស្រាល១០នាក់។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមាន ល្បឿន, មិនប្រកាន់ស្ដាំ, ប្រជែង និងមិនគោរពសិទ្ធិ៕EB