ភ្នំពេញ ៖ ថ្លែងចេញពីសហរដ្ឋអាមេរិក សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្ដអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ ត្រូវទៅចាក់វ៉ាក់សាំងដូសជំរុញឲ្យបានគ្រប់ៗគ្នា ដើម្បីបង្កើតភាពស៊ាំក្នុងសហគមន៍។

តាមរយៈសារសំឡេងចេញពីសហរដ្ឋអាមេរិក សម្តេចតេជោ ហ៊ុន សែន ប្រកាសថា កម្ពុជា មិនមានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៧ថ្ងៃមកហើយ។

សម្ដេចតេជោ បញ្ជាក់ថា «នៅកម្ពុជា មិនមានកូវីដក្នុងរយៈពេល ៧ថ្ងៃកន្លងទៅ នេះជាជោគជ័យធំណាស់ ផ្ដើមចេញពីការចូលរួមរបស់ប្រជាពលរដ្ឋរបស់យើង ក្នុងដំណើរការប្រយុទ្ធប្រឆាំងជាមួយកូវីដ-១៩»។

សម្ដេចតេជោ ក៏បានអំពាវនាវចំពោះប្រជាពលរដ្ឋកម្ពុជា ទោះបីនាពេលនេះមិនមានការឆ្លងជំងឺកូវីដ-១៩ ក៏ដោយ ប៉ុន្ដែត្រូវប្រកាន់ភ្ជាប់នូវវិធានការប្រុងប្រយ័ត្នខ្ពស់ជាមួយវិធានការសុខាភិបាលទាំងឡាយដែលបានដាក់ចេញកន្លងទៅ។

លើសពីនេះ សម្ដេចតេជោ លើកឡើងថា កម្ពុជាមិនខ្វះវ៉ាកសាំងឡើយសម្រាប់ចាក់ប្រជាពលរដ្ឋរបស់ខ្លួន។ សម្ដេច អរគុណចំពោះជនរួមជាតិ ដែលបានចូលរួមចាក់វ៉ាក់សាំង ព្រមទាំងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។

សម្ដេចតេជោ បញ្ជាក់បន្ថែមថា «ខ្ញុំ អំពាវនាវឲ្យប្រជាពលរដ្ឋរបស់យើង ជាមួយការទទួលយកវ៉ាក់សាំងដូសជំរុញ ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន»។

តាមរយៈសារសំឡេងនេះដែរ សម្ដេចតេជោ នាយករដ្ឋមន្ដ្រី ក៏បានលើកឡើងទៀតថា នៅថ្ងៃទី១៤ ឧសភា ស្អែកនេះ សម្ដេច នឹងដឹកនាំគណៈប្រតិភូមកប្រទេសកម្ពុជា បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក ហើយ សម្ដេច នឹងមកដល់កម្ពុជា នាថ្ងៃទី១៥ ឧសភា៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ