សម្ដេចតេជោ ហ៊ុន សែន ណែនាំអាជ្ញាធរយកចិត្តទុកដាក់កុមារនៅជាមួយ ឪពុក-ម្ដាយ ជាកម្មករ ក្នុងស្រុក និងចំណាកស្រុក ឱ្យមានឱកាសរៀនសូត្រ
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានណែនាំដល់អាជ្ញាធរ ត្រូវយកចិត្តទុកដាក់ចំពោះកុមារតូចៗ ដែលជាកូនរបស់កម្មករសំណង់ និងពលករខ្មែរនៅប្រទេសថៃ ដែលបាននាំកូនតូចទៅរស់នៅជាមួយ ឱ្យមានឱកាសរៀនសូត្រ។
ក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «យើងឃើញ កម្មករដែលមករកការងារធ្វើនៅតាមទីក្រុង ឬនៅតាមការដ្ឋាន គាត់មានពីរយ៉ាង ម្យ៉ាងគាត់ផ្ញើកូនជាមួយជីដូនជីតា ឬជាមួយសាច់ញាតិដើម្បីឱ្យបន្តការសិក្សានៅស្រុក អ៊ីចឹងចំណុចនេះត្រូវណែនាំទៅដល់អាជ្ញាធរមូលដ្ឋានដើម្បីឱ្យយកចិត្តទុកដាក់ទៅលើអ្នកដែលចំណាកស្រុក ប៉ុន្តែផ្ញើកូនជាមួយនឹងជីដូនជីតាឪពុកម្ដាយ ក្រែងលោការលំបាកណាមួយប៉ះពាល់ដល់ការសិក្សារបស់សិស្ស»។
សម្ដេចតេជោ បន្ដថា រឿងដោយឡែកមួយទៀត គឺឪពុក ម្ដាយ ដែលនាំកូនមកជាមួយពេលមកធ្វើការនៅតាមការដ្ឋានសំណង់នានា ដោយសម្ដេច បានផ្ដល់ទស្សនាទានថា «យើងត្រូវសហការជាមួយបណ្ដាការដ្ឋានសំណង់ទាំងឡាយ និងជាមួយសាលាដែលនៅជិតហ្នុង ដើម្បីឱ្យបានចូលរៀន ឬក៏ត្រូវបង្កើតថ្នាក់ចល័តយ៉ាងម៉េចដើម្បីឱ្យកុមារហ្នឹងបានចូលរៀន»។
សម្ដេចតេជោ បន្ថែមថា អ្នកដែលទៅដល់ប្រទេសថៃ តើយើងគួរដោះស្រាយយ៉ាងម៉េច ដើម្បីឱ្យក្មេងបានរៀន បើទោះបីរៀនអក្សរខ្មែរក៏ដោយ រៀនអក្សរថៃក៏ដោយ ក៏គួរតែត្រូវឱ្យបានរៀន បើមិនដូច្នេះទេ ចន្លោះប្រហោងនៅចន្លោះកន្លែងហ្នឹង អាចមានកុមារមួយចំនួនមិនចេះអក្សរ ឬភ្លេចអក្សរ៕