សម្តេចតេជោ ហ៊ុន សែន ៖ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ សម្រាប់នីតិកាលទី៧ គឺនៅរក្សាឱ្យមានដដែល ដោយមានការចូលរួមពីគណបក្សនយោបាយនានា
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍នៅថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២៣នេះថា សម្រាប់អាណត្តិទី ៧ នៃរដ្ឋសភានេះ រាជរដ្ឋាភិបាលអាណត្តិទី ៧ ថ្មី សម្រេចបន្តឱ្យមាន «ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់»។
សម្ដេចតេជោ ហ៊ុន សែន បន្តថា កម្ពុជាមានតម្រូវការក្នុងការប្រមូលធាតុចូល នៃបណ្ដាគណបក្សនយោបាយទាំងអស់ ដើម្បីចូលរួមក្នុងការកសាងប្រទេស ដែលសម្ដេចអះអាងថា ក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ក៏នឹងត្រូវឱ្យមាន ក្នុងនិតិកាលទី៧ ជាបន្តទៀត។
រាជរដ្ឋាភិបាលថ្មី នឹងធ្វើព្រះរាជក្រឹត្យដើម្បីដាក់ឱ្យដំណើរការនូវក្រុមប្រឹក្សា ពិគ្រោះយោបល់ ដូចនិតិកាលទី ៦ ដែលមានប្រធានប្រតិភូ អនុប្រធានប្រតិភូ និងលេខាធិការ។
សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា គណបក្សនយោបាយមួយនឹងមានឥស្សរជន ៣ រូប ចូលរួម។ សម្ដេចតេជោ បន្តថា នេះក៏អាចជាលទ្ធភាពមួយ បើកឱ្យគណបក្សដែលមិនបានចូលរួមការបោះឆ្នោតអាចចូលរួមបាន ខណៈលទ្ធភាពនេះនាយករដ្ឋមន្ត្រីថ្មីនឹងធ្វើការលើការបង្កើតឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់៕EB