ភ្នំពេញ ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្មកម្ពុជា បានថ្លែងថា ប្រទេសអេមីរ៉ាតអារ៉ាប់រួម គឺជាដៃគូពាណិជ្ជកម្មឈានមុខគេរបស់កម្ពុជានៅក្នុងតំបន់មជ្ឈឹមបូព៌ា ដែលរួមចំណែកប្រមាណ ៦០% នៃទំហំពាណិជ្ជកម្មសរុបរបស់កម្ពុជា។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងពាណិជកម្ម។

ក្នុងពិធីប្រកាសបើកជាផ្លូវការអំពីការចាប់ផ្ដើមដំណើរការចរចា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាង កម្ពុជា-អេមីរ៉ាតអារ៉ាប់រួម នាថ្ងៃទី២៤ តុលា លោក ប៉ាន សូរស័ក្តិ បានលើកឡើងថា «ប្រទេសអេមីរ៉ាតអារ៉ាប់រួម គឺជាដៃគូពាណិជ្ជកម្មឈានមុខគេរបស់កម្ពុជានៅក្នុងតំបន់មជ្ឈឹមបូព៌ា ដែលរួមចំណែកប្រមាណ ៦០% នៃទំហំពាណិជ្ជកម្មសរុបរបស់កម្ពុជា ជាមួយតំបន់នេះ ហើយកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម (Cambodia-UAE | Comprehensive Economic Partnership Agreement-CEPA) នឹងបន្តគាំទ្រដល់ភាពរីកចម្រើននៃទំនាក់ទំនងពាណិជ្ជកម្មទំនិញរវាងប្រទេសទាំងពីរ ដែលក្នុងរយៈពេល ០៨ខែ នៃឆ្នាំ២០២២នេះ សម្រេចបានទឹកប្រាក់សរុបប្រមាណ ២៧៩ លានដុល្លារអាមេរិក ជាមួយ នឹងកំណើន ៤០% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១»។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី ក៏បានលើកឡើងអំពីតួនាទីដ៏សំខាន់របស់ «Cambodia-UAE CEPA» ក្នុងការផ្ដល់លទ្ធភាពឱ្យកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម អាចបំពេញបន្ថែមនូវសក្តានុពលសេដ្ឋកិច្ចរវាងគ្នា ដែលនឹងកា្លយជាកម្លាំងចលករជំរុញកំណើនរួមតាមរយៈការជំរុញខ្សែច្រវាក់ផ្គត់ផ្គង់ ការសម្រួលដល់លំហូរពាណិជ្ជកម្ម និងការជំរុញការវិនិយោគទ្វេភាគីជាដើម។

ឆ្លៀតឱកាសនោះ លោក ថានី ប៊ីន អាម៉េត អាល់ ហ្សេយូឌី រដ្ឋមន្ដ្រីទទួលបន្ទុកពាណិជ្ជកម្មអន្ដរជាតិ នៃក្រសួងសេដ្ឋកិច្ច អេមីរ៉ាត អារ៉ាប់រួម បានថ្លែងឱ្យដឹងថា កម្ពុជា គឺជាប្រទេសដែលមានវិបុលភាពសេដ្ឋកិច្ចនៅក្នុងបេះដូងនៃអាស៊ី ជាមួយនឹងវិស័យកម្មន្តសាល និងកសិកម្មដ៏រឹងមាំ ព្រមទាំងមានកំណត់ត្រាដ៏គួរឱ្យកត់សម្គាល់នៅក្នុងវិស័យ ថាមពលកកើតឡើងវិញ។

លោក បន្ដថា ជាការពិតណាស់ ប្រជាជាតិរបស់អេមីរ៉ាតអារ៉ាប់រួម មានគោលដៅរួមគ្នាក្នុងការផ្ដល់នូវ កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព ហើយយើងជឿជាក់ថាយើងនឹងអាចធ្វើការរួមគ្នា ដើម្បីពង្រឹងការនាំចេញ ការអភិវឌ្ឍវិស័យទេសចរណ៍ និងភ័ស្តុភារកម្ម៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ