ស្ត្រីរូបស្រស់ម្នាក់បានប្រមាថមើលងាយនគរបាល ដែលខំឈរហាលខ្យល់ ហាលភ្លៀង ហាលថ្ងៃ ដើម្បីសម្រួលចរាចរណ៍អោយពលរដ្ឋធ្វើដំណើរតាមដងផ្លូវ ប្រកបដោយសុវត្ថិភាព បែរជាមកប្រមាថសុទ្ធតែ បិសាចហុតឈាម នៅលើគណនេយ្យហ្វេសប៊ុករបស់ខ្លួនកាលពីម្សិលមិញនោះ បានចូលខ្លួនមកបំភ្លឺ និងសារភាពទទួលស្គាល់កំហុសរបស់ខ្លួនហើយ ព្រោះតែខឹង ចំពោះមន្រ្តីនគរបាលចរាចរណ៍បានធ្វើការផាកពិន័យ ដោយសាររូបគាត់បានប្រើប្រាស់ទូរស័ព្ទដៃ ដោយមិនមានភ្ជាប់ឧបករណ៍ទំនាក់ទំនង នៅពេលបើកបរ។

នេះបើយោងតាមសេចក្តីបំភ្លឺបន្ថែម ដែលមានខ្លឹមសារទាំងស្រុងដូច្នេះថា ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង មានកិត្តយសសូមជម្រាបជូនសាធារណ:ជន ពិសេសបងប្អូនដែលនិយមប្រើប្រាស់បណ្តាញសង្គមបានជ្រាបបន្ថែមថានៅព្រឹកថ្ងៃ ព្រហ្បត្តិ ១៤កើត ខែជេស្ឋ ឆ្នាំជូត ទោស័កព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០នេះ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ “Socheata Pen” បានចូលខ្លួនមកបំភ្លឺជុំវិញការសរសេរខ្លឹមសារ បង្ហោះដោយភ្ជាប់រូបភាពមន្រ្តីនគរបាលចរាចរណ៍ ក្នុងកណីហ្វេសប៊ុករបស់ខ្លួន កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០នោះហើយ។

នៅចំពោះមុខការសាកសួរបំភ្លឺនេះ ម្ចាស់គណនីខាងលើដែលមានឈ្មោះពិតថា ប៉ែន សុជាតា ភេទស្រី អាយុ៣៥ឆ្នាំ រស់នៅក្នុងក្រុងបាត់ដំបង បានសារភាពទទួលស្គាល់កំហុសថា គាត់ពិតជាមានចេតនាសរសេរខ្លឹមសារប្រមាថមាក់ងាយ ចំពោះមន្រ្តីនគរបាលចរាចរណ៍ដែលកំពុងឈរបំពេញភារកិច្ចតាមដងផ្លូវប្រាកដមែន ព្រោះតែរូបគាត់ខឹង ចំពោះមន្រ្តីនគរបាលចរាចរណ៍បានធ្វើការផាកពិន័យគាត់ ដោយសាររូបគាត់បានប្រើប្រាស់ទូរស័ព្ទដៃ ដោយមិនមានភ្ជាប់ឧបករណ៍ទំនាក់ទំនងក្នុងពេលកំពុងបញ្ជាយានកាលពីថ្ងៃទី ០២ ខែ មិថុនា ឆ្នាំ២០២០ នៅចំណុចភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ប៉ុន្តែគាត់ពុំទាន់បានបង់ប្រាក់ពិន័យនៅឡើយទេ។

ជាមួយនឹងការទទួលស្គាល់កំហុសនេះ សាមីខ្លួនបានធ្វើលិខិតសុំការអភ័យទោសចំពោះកំហុសឆ្គងរបស់គាត់ចំពោះកងកម្លាំងនគរបាលជាតិទូទៅពិសេសនគរបាលចរាចរណ៍ក៏ដូចជាអ្នកប្រើប្រាស់បណ្តាញសង្គមទូទៅ ដែលគាត់បានប្រើប្រាស់ពាក្យសំដីមិនសមរម្យជាមួយនៅក្នុងរឿងនេះ។

ទោះជាយ៉ាងណាក៏ដោយ សិទ្ធិក្នុងការសម្រេចចំពោះចំណាត់ការលើករណីនេះ ថ្នាក់ដឹកនាំស្នងការដ្ឋាននឹងពិនិត្យ ពិចារណាសម្រេចនៅពេលបន្ទាប់។

សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណ:ជន មេត្តាជ្រាប និងសូមបន្តចូលរួម សហការណ៍ជាមួយសមត្ថកិច្ចនគរបាលនិងចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានត្រឹមត្រូវនិងខ្ជាប់ ខ្ជួនទាំងអស់គ្នា ដោយសេចក្តីគោរពបំផុត៕SS

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ