ក្រោយពីចូលឆ្លើយបំភ្លឺនៅតុលាការក្រុងភ្នំពេញ លោកផែង វណ្ណៈ ចាងហ្វាងការផ្សាយគេហទំព័រPheng Vannak News បានធ្វើលិខិតសុំទោសលោកស្រីឡោក ខេង តំណាងរាស្ត្រមណ្ឌលភ្នំពេញគណបក្សប្រជាជនកម្ពុជាបន្ទាប់ពីបានធ្វើឲ្យប៉ះពាល់កិត្តិយសលោកស្រីពាក់ព័ន្ធនឹងការផ្សព្វផ្សាយព័ត៌មានលើបញ្ហាដីធ្លីនាពេលកន្លងមក។

តាមរយៈលិខិតសុំទោសនៅថ្ងៃទី២ខែកក្កដានេះ លោកផែង វណ្ណៈ បានឲ្យដឹងថា លោកធ្លាប់បានផ្សាយព័ត៌មានពាក់ព័ន្ធករណីឈ្មោះឡុង ដារ៉ា និងបក្ខពួកលួចលក់ដីប្រជាពលរដ្ឋ ទំហំជាង២ហិកតានៅភូមិសំរោងខាងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ ឲ្យទៅលោកស ថាវី ហើយលោកស ថាវី បានយកដីនោះលក់បន្តទៅឲ្យលោកស្រីយស ម៉ាលីណា។ លោកបន្តថា បច្ចុប្បន្នឈ្មោះឡុង ដារ៉ា និងបក្ខពួករួមទាំងលោកស ថាវី ផងដែរ ត្រូវបានតុលាការចោទប្រកាន់ និងកំពុងចាត់ការតាមនីតិវិធីច្បាប់។

លោកផែង វណ្ណៈបានបន្ថែមថា ការផ្សព្វផ្សាយព័ត៌មានរបស់លោកបានធ្វើឲ្យប៉ះពាល់ដល់កិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់លោកស្រីឡោក ខេង ជាពិសេសនាំឲ្យមហាជនមានការយល់ច្រឡំមកលើលោកស្រី។ យ៉ាងណាមិញលោកផែង វណ្ណៈបានសន្យាថានឹងកែប្រែរាល់ចំណុចខ្វះខាតរបស់ខ្លួនមិនផ្សព្វផ្សាយប៉ះពាល់ដល់លោកស្រីឡោក ខេងជាថ្មីម្តងទៀតឡើយ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ