ធនាគារជាតិនៃកម្ពុជា ថា ក្រៅពីលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុ ស្រ្តីក៏ជួបប្រទះនឹងបញ្ហាប្រឈមក្នុងការប្រើប្រាស់សេវាហិរញ្ញវត្ថុ
ភ្នំពេញ ៖ លោកស្រី ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថា ក្រៅពីលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុ ស្រ្តីក៏ជួបប្រទះនឹងបញ្ហាប្រឈម ក្នុងការប្រើប្រាស់សេវាហិរញ្ញវត្ថុ ដោយសារស្រ្ដីបោះបង់ការសិក្សាច្រើនជាងបុរស។ យោងតាមគេហទំព័រហ្វេសប៊ុក ធនាគារជាតិនៃកម្ពុជា។
ឱកាសចូលរួមជាវាគ្មិន ក្នុងកម្មវិធីផ្សព្វផ្សាយរបាយការណ៍ស្តីពី គម្លាតប្រាក់ឈ្នួលរវាងស្ត្រី និងបុរសនៅកម្ពុជា រៀបចំឡើងដោយកម្មវិធី អភិវឌ្ឍន៍សហប្រជាជាតិ (UNDP) តាមប្រព័ន្ធអនឡាញ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ លោកស្រី ជា សិរី បានថ្លែងថា «ក្រៅពីលទ្ធភាព ក្នុងការទទួលបានសេវាហិរញ្ញវត្ថុ ស្រ្តីក៏ជួបប្រទះនឹងបញ្ហាប្រឈម ក្នុងការប្រើប្រាស់សេវាហិរញ្ញវត្ថុផងដែរ។ ដូចនេះ ការបញ្ជ្រាបនូវចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងសហគ្រិនភាពទៅក្នុងកម្មវិធីសិក្សាពិតជាមានសារៈសំខាន់នៅកម្ពុជា ដោយសារអត្រាបោះបង់ការសិក្សា របស់ស្រ្តី មានច្រើនជាងបុរស»។
លោកស្រី បន្ដថា ស្រ្តីដែលបោះបង់ការសិក្សា អាចប្រើប្រាស់ចំណេះដឹងដែលបានរៀនសូត្រខាងលើ ក្នុងការប្រកបរបរចិញ្ចឹមជីវិតបាន។
សូមជម្រាបថា កម្មវិធី នេះរៀបចំឡេីង ក្នុងគោលបំណងផ្សព្វផ្សាយដល់សាធារណជន នូវការររកឃើញរបស់ UNDP ទាក់ទងនឹងកត្តាចម្បងៗ ដែលធ្វើឱ្យមានគម្លាតប្រាក់ឈ្នួលរវាងស្ត្រី និងបុរសនៅកម្ពុជា និងគោលនយោបាយសំខាន់ៗ ក្នុងការកាត់បន្ថយគម្លាតប្រាក់ឈ្នួលនៅកម្ពុជា សំដៅទទួលបាននូវសមភាព។
ជាងនេះទៅទៀត កម្មវិធីនេះមានការអញ្ជើញចូលរួមពី លោក Nick Beresford អ្នកតំណាងនវេសនដ្ឋាន UNDP ប្រចាំកម្ពុជា, លោក ថេ ឈុនហាក់ អគ្គនាយកនៃអគ្គនាយកដ្ឋានសមភាពយេនឌ័រ និងអភិវឌ្ឍន៍សេដ្ឋកិច្ច នៃក្រសួងកិច្ចការនារី និងលោកស្រីបណ្ឌិត អេង នេត្រា នាយកស្រាវជ្រាវនៃវិទ្យាស្ថានបណ្ដុះបណ្ដាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) មន្រ្តីនៅក្នុងស្ថាប័នរដ្ឋនិងឯកជន អង្គការ និងសិស្ស-និស្សិត ជាដេីម៕EB