ភ្នំពេញ ៖ ក្រុមប្រឹក្សាភិបាលនៃធនាគារពិភពលោក បានអនុម័តឥណទាន ៩៣លានដុល្លារ ពី សមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) សម្រាប់គម្រោង «បែងចែកដីដើម្បី សង្គមកិច្ច និងការអភិ វឌ្ឍសេដ្ឋកិច្ចជំហាន៣»  (LASED III) នៅប្រទេសកម្ពុជា។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ធនាគារពិភពលោក ចេញផ្សាយនាពេលថ្មីៗនេះថា «គម្រោងនេះនឹងជួយបង្កើនសុវត្ថិភាពសិទ្ធិកាន់កាប់ដីធ្លី និងការទទួលបានហេដ្ឋារចនាសម្ព័ន្ធ និងសេវាកសិកម្ម និងសង្គមសម្រាប់ប្រជាជនក្រីក្រគ្មានដី និងសហគមន៍ជនជាតិ ដើមភាគ តិចនៅកម្ពុជា»។

ធនាគារពិភពលោក បន្ដថា ការជួយឲ្យកសិករខ្នាតតូច និងសហគមន៍ជនបទមានលទ្ធភាពប្រើប្រាស់ដីធ្លី និងធនធានធម្មជាតិតាមរបៀបមួយមានចីរភាព និងឋិតថេរយូរអង្វែង គឺជាផ្នែក ស្នូលមួយនៃយុទ្ធសាស្ត្រកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាលកម្ពុជា។ក្នុងនេះ រដ្ឋាភិបាល បានបង្កើតឡើងនូវក្របខណ្ឌច្បាប់សម្រាប់ការធ្វើសម្បទានដីសង្គមកិច្ច ដែលពង្រីកសិទ្ធិកាន់ កាប់ដីធ្លីសម្រាប់ជនក្រីក្រគ្មានដីនៅតាមទីជនបទ។

ទន្ទឹមគ្នានេះ រដ្ឋាភិបាល ក៏លើកកម្ពស់ផងដែរ នូវការផ្តល់សិទ្ធិកាន់កាប់ដីធ្លី សហគមន៍ជន ជាតិដើមភាគតិច ដើម្បីពង្រឹងពង្រីកសិទ្ធិរបស់ពួកគេនៅក្នុងការកាន់កាប់ដីធ្លី។ ចាប់តាំងពី ឆ្នាំ២០០៨ មក គម្រោង LASED ជំហាន១ និងជំហាន២ ដែលទទួលបានការឧបត្ថម្ភតាមរយៈ ធនាគារពិភពលោក បានគាំទ្រកម្មវិធីសម្បទានដីសង្គមកិច្ច ក្នុងគោលដៅជំរុញឲ្យ មានការបែងចែក ដីដល់ជនក្រីក្រ តាមដំណើរការមួយមានចីរភាព និងតម្លាភាពឈានទៅ សម្រេចបានជោគជ័យ។

ប្រភពដ៏ដែលបន្ថែមថា គម្រោងទាំងនេះ បានជួយដល់ការអភិវឌ្ឍផ្លូវជនបទ ការកសាងប្រព័ន្ធ ធារាសាស្ត្រខ្នាតតូច ការសាងសង់សាលាបឋមសិក្សា ប៉ុស្តិសុខភាព ផ្តល់ការបណ្តុះបណ្តាល បច្ចេកទេសកែលម្អការដាំដុះ និងជួយគាំទ្រដល់ការបង្កើតឲ្យមានសេវាកាន់តែច្រើន ទៀត សម្រាប់កសិករ។តាមរយៈគម្រោងទាំងពីរដំណាក់កាលមកនេះ កម្ពុជាបានបែងចែកដីធ្លីចំនួន ១៧០០០ហិកតា សម្រាប់សង់លំនៅឋាននិងធ្វើការដាំដុះ ដល់គ្រួសារគ្មានដីនិងគ្រួសារខ្វះដី ចំនួនជាង ៥០០០គ្រួសារ ក្នុងនោះមានជាង ៣៣៦០គ្រួសារ ទទួលបានបណ្ណកម្មសិទ្ធិដីធ្លី រួចហើយ។

លោកស្រី អ៊ីនហ្គូណា ដូប្រាចា នាយកគ្រប់គ្រងធនាគារពិភពលោកប្រចាំនៅកម្ពុជា មានប្រ សាសន៍ថា «លទ្ធភាពទទួលបានដីធ្លី និងការផ្តល់សេវានិងការបណ្តុះ បណ្តាលបច្ចេកទេស កសិកម្ម ដើម្បីបង្កើនផលិតភាពកសិកម្ម ក៏ដូចជា ការទទួលបានសេវាសាធារណៈល្អ ប្រសើរ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ប្រជាជនក្រីក្រ ដែលរស់នៅតាមទីជនបទ»។

លោកស្រីបន្ថែមថា គម្រោង LASED ជំហាន៣ នេះ នឹងបន្តជួយរដ្ឋាភិបាលក្នុងការផ្តល់ដីធ្លី និងសិទ្ធិកាន់កាប់ដីធ្លីដល់គ្រួសារគ្មានដីនិងគ្រួសារខ្វះដី និងធានាឲ្យមានសន្តិសុខផ្នែកសិទ្ធិ កាន់កាប់ដីធ្លី សម្រាប់សហគមន៍ជនជាតិដើមភាគតិច នៅតាមតំបន់គោលដៅរបស់ គម្រោង នេះ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ