ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានពន្យល់ទៅក្រុមប្រឆាំងអំពីនីតិវិធី បញ្ចប់មុខតំណែង លោក វេង សាខុន ពីរដ្ឋមន្ដ្រីកសិកម្ម រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

សម្ដេចតេជោ ពន្យល់បែបនេះ ក្រោយពីក្រុមប្រឆាំងមិនយល់ និងរិះគន់ទៅលើការបញ្ចប់មុខតំណែងលោក វេង សាខុន ថា «ខុសរដ្ឋធម្មនុញ្ញ»។

ក្នុងបិទសន្និបាត កាយរឹទ្ធិជាតិកម្ពុជា អាណត្តិទី ៤ នារសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា ក្រុមប្រឆាំងនៅក្រៅប្រទេសចោទ សម្ដេច ថា បានបំពានរដ្ឋធម្មនុញ្ញ ក្រោយដករដ្ឋមន្ដ្រីក្រសួងកសិកម្ម។

សម្ដេចតេជោ បន្ដថា កាលពីថ្ងៃម្សិលមិញ សម្ដេចតេជោ បានសរសេរនៅលើទំព័រហ្វេសប៊ុកថា ដើម្បីចូលរួមចំណែកជួយក្រុមប្រឆាំងផ្កាប់មុខឲ្យមានចំណេះដឹង ដែលអាចឈានទៅកាន់អំណាច នៅជាតិក្រោយ។ សម្ដេច ថា «សូមអស់លោកបើកមើលមាត្រា ២១ ជំពូក ២នៃរដ្ឋធម្មនុញ្ញ ដែលចែងអំពីព្រះមហាក្សត្រ។ បន្ទាប់ទៅសូមអានមាត្រា ២០ជំពូកទី ៣ នៃច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី»។

សម្ដេច បន្ថែមថា ដោយសារតែខ្វះការចេះដឹង ទើបបានតែចេះតែជាប់គុក និងរត់ចោលស្រុកហើយ មកចោទគេថាផ្តាច់ការ។ គប្បីប្រឹងរៀនសូត្របន្ថែម ដើម្បីឈានទៅកាន់អំណាចនៅជាតិក្រោយ និងសូមកុំវក់ជាមួយល្បែងច្រើនពេក។ សម្ដេច ថា «នេះជាបំណងល្អរបស់ខ្ញុំ សម្រាប់ក្រុមល្ងង់»។

សម្ដេចតេជោ បញ្ជាក់ថា «ខ្ញុំស្នើឲ្យគេមើល មាត្រា ២១ និយាយអំពីជំពូកពីព្រះមហាក្សត្រ នៃរដ្ឋធម្មនុញ្ញ និងមាត្រា ២០ ជំពូកទី៣ នៃច្បាប់ ស្ដីពី ការៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី ទើបគេដឹងថា សិទ្ធិអំណាចយ៉ាងម៉េច ព្រោះគេចោទយើងថា យើងហ្នឹង អាដករដ្ឋមន្ត្រីហ្នឹងវាត្រូវហើយ ក៏ប៉ុន្តែវាខុសរដ្ឋធម្មនុញ្ញ តែរដ្ឋធម្មនុញ្ញមាត្រា ២១ គឺចង្អុលបង្ហាញថា ព្រះមហាក្សត្រ គឺទ្រង់នឹងឡាយព្រះហត្ថលេខា ដើម្បីបញ្ចប់មុខតំណែង ឬតែងតាំងស្អីៗ សម្រាប់អង្គនីតិប្រតិបត្តិតាមសំណើគណៈរដ្ឋមន្ត្រី និងសម្រាប់អង្គតុលាការ តាមរយៈសំណើរបស់ឧត្ដមក្រុមប្រឹក្សាចៅក្រម»។

សម្ដេចតេជោ បន្ថែមទៀត ប៉ុន្តែដល់ទៅច្បាប់រៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី គេចង្អុលត្រង់តែម្ដង នាយករដ្ឋមន្ត្រី លើសំណើថ្វាយព្រះមហាក្សត្រ ដើម្បីបញ្ចប់មុខតំណែងសមាជិករដ្ឋាភិបាល។

សូមរំលឹកថា នាពេលថ្មីៗនេះ តបតាមសំណើរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ លោក វេង សាខុន ត្រូវបានព្រះករុណា សម្តេច ព្រះបាទ ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យបញ្ចប់មុខតំណែងលោក វេង សាខុន ពីរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ