ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងឱ្យដឹងថា រាជរដ្ឋាភិបាល នឹងចាប់ផ្ដើមដំណើរការផ្ទេរមុខងារក្នុងវិស័យអប់រំមួយចំនួនទៅរដ្ឋបាលថ្នាក់ក្រោមជាតិបន្ទាប់ពីជោគជ័យក្នុងការអនុវត្តនូវគម្រោងសាកល្បងរយៈពេលកន្លងមក។

នាឱកាសអញ្ជើញទទួលជួប លោក SANUI Kazumasa ប្រធានតំណាង នៃអង្គការ JICA ប្រចាំកម្ពុជា ទើបទទួលការតែងតាំងថ្មី នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណ JICA ដែលផ្តល់កិច្ចសហការជួយគាំទ្រដល់អគ្គនាយកដ្ឋានរដ្ឋបាលតាមរយៈគម្រោងផ្សេងៗ ដូចជាការអភិវឌ្ឍសមត្ថភាពមន្ត្រី និងការជួយគាំទ្ររបស់ JICA ដល់ការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដែលមានកិច្ចការជាច្រើន រាប់ទាំងការងារពង្រឹងសមត្ថភាពមន្ត្រី និងការរៀបចំគោលនយោបាយផ្សេងទៀត។ សម្ដេចក៏ថ្លែងអំណរគុណចំពោះការគាំទ្រដល់ការការងារសុវត្ថិភាពផ្លូវថ្នល់។

ជាមួយគ្នានេះ សម្ដេចក្រឡាហោម ស ខេង ក៏បានជម្រាបជូនលោកប្រធាន JICA ផងដែរថាកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការជាកំណែទម្រង់អាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមកដល់ពេលនេះ រដ្ឋាភិបាលមានការឯកភាពគ្នាផ្ទៃក្នុងរឹងមាំក្នុងការគាំទ្រដល់ដំណើរការជំរុញកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។

សម្ដេច ក៏បានជម្រាបជូនលោក SANUI Kazumasa អំពីការអនុវត្តការផ្ទេរមុខងារទៅក្រុង ស្រុក ក្នុងខេត្តបាត់ដំបង ដែលទទួលបានលទ្ធផលល្អប្រសើរ និងបន្តថាចាប់ពីឆ្នាំ២០២៤តទៅ រាជរដ្ឋាភិបាលនឹងចាប់ផ្ដើមដំណើរការផ្ទេរមុខងារក្នុងវិស័យអប់រំមួយចំនួនទៅរដ្ឋបាលថ្នាក់ក្រោមជាតិបន្ទាប់ពីជោគជ័យក្នុងការអនុវត្តនូវគម្រោងសាកល្បងនារយៈពេលកន្លងមក។

សម្តេច ឧបនាយករដ្ឋមន្ត្រី ក៏សង្ឃឹមជឿជាក់ថា JICA នឹងបន្តជួយគាំទ្រដល់ការងារសិក្សាក៏ដូចជាការគាំទ្រផ្សេងទៀតដល់គម្រោង ឬកម្មវិធីពាក់ព័ន្ធទៅដល់ការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ក៏ដូចជាការងារសុវត្ថិភាពផ្លូវថ្នល់ ដើម្បីជំរុញកិច្ចការទាំងនេះឱ្យទទួលបាននូវវឌ្ឍនភាពស្របតាមគោលដៅ ក៏ដូចជាផែនការដែលបានគ្រោងទុក។

ជាការឆ្លើយតបលោក SANUI Kazumasa ប្រធានតំណាង JICA ប្រចាំកម្ពុជា បានថ្លែងអំណរគុណចំពោះសម្តេចក្រឡាហោម នូវពាក្យពេចន៍ក៏ដូចជាការស្វាគមន៍ និងការផ្តល់នូវព័ត៌មានអំពីបច្ចុប្បន្នភាពនៃដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា ក៏ដូចជាកិច្ចការពាក់ព័ន្ធមួយចំនួនទៀត។

លោក ក៏បានជម្រាបសម្ដេចផងដែរថា នេះជាបេសកកម្មលើកទីពីររបស់លោកនៅកម្ពុជាដូចអ្វីដែលសម្តេចបានមានប្រសាសន៍ និងបានគូសបញ្ជាក់អំពីវិស័យបីធំៗដែល JICA បានចូលរួមផ្តល់កិច្ចសហការគាំទ្រនៅកម្ពុជា ទីមួយ ពាក់ព័ន្ធទៅនឹងការអភិវឌ្ឍឧស្សាហកម្ម ទីពីរ ពាក់ព័ន្ធទៅនឹង គុណភាពនៃជីវភាពរស់នៅរបស់ប្រជាជន និងទីបីពាក់ព័ន្ធទៅនឹងការងារអភិបាលកិច្ច៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ