កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាសជាង ៣.៤លាននាក់ កើនឡើងជាង ១៨០% ក្នុងរយៈពេល ៨ខែ ឆ្នាំ២០២៣
ភ្នំពេញ ៖ មន្រ្តីជាន់ខ្ពស់អាកាសចរស៊ីវិលបានឱ្យដឹងថា ក្នុងរយៈពេល៨ខែ ឆ្នាំ២០២៣នេះ កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាសចំនួនជាង ៣.៤នាក់កើនឡើងជាង ១៨០% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២២។ តួលេខនេះ បង្ហាញពីភាពប្រសើរឡើង នៃវិស័យអាកាសចរណ៍របស់កម្ពុជា ក៏ដូចជាការងើបឡើងវិញនៃភ្ញៀវទេសចរណ៍អន្តរជាតិ។
លោក ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានបញ្ជាក់ថា «គិតត្រឹមថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាស ចំនួនជាង ៣.៤លាននាក់ កើនឡើងជាង១៨០% បើធៀបទៅនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២២ រីឯជើងហោះហើរមានចំនួន ៣៣ ១៤៦ជើង (ចលនាទ្វេទិស) កើនឡើង ១១៤% បើធៀបទៅនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២២។ ដោយឡែកចំពោះការដឹកជញ្ជូនទំនិញ តាមផ្លូវអាកាសវិញ មានចំនួនជាង ៣៤ ៨៨១ តោន ថយចុះជាង ១០% បើធៀបទៅនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២។
សូមរំលឹកថា ស្របពេលដែលវិស័យអាកាសចរណ៍នៅកម្ពុជា ចាប់ផ្តើមងើបឡើងវិញជាបណ្តើរៗ ក្រោយការរីករាលដាលនៃជំងឺកូវីដ១៩ ក្រុមហ៊ុនអាកាសចរណ៍ Qatar Airway ដែលជាក្រុមហ៊ុនអាកាសចរណ៍ដ៏ធំមួយ នៅលើពិភពលោក នឹងចាប់ផ្តើមបើកជើងហោះហើរមកកម្ពុជាឡើងវិញ នៅចុងខែតុលា ឆ្នាំ២០២៣នេះ ខណៈកម្ពុជាកំពុងស្នើដល់ក្រុមហ៊ុនអាកាសចរណ៍របស់ជប៉ុន ANA ពិនិត្យលទ្ធភាពបើកជើងហោះហើរជាមួយកម្ពុជាឡើងវិញ ក្នុងពេលឆាប់ៗនេះ បន្ទាប់ពីខកខានអស់ពេល ៤ឆ្នាំដោយសារតែវិបត្តិជំងឺកូវីដ១៩៕