សម្ដេចតេជោ ហ៊ុន សែន មានជំនឿថា គណៈរដ្ឋមន្ដ្រីថ្មី នឹងមានភាពរហ័សរហួន ដើម្បីសម្រេចគោលដៅកម្ពុជាមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ ឆ្នាំ២០៣០
ភ្នំពេញ ៖ អតីតនាយករដ្ឋមន្ដ្រី សម្ដេចតេជោ ហ៊ុន សែន មានជំនឿថា សមាភាពគណៈរដ្ឋមន្ដ្រីថ្មី នឹងមានភាពរហ័សរហួន ដើម្បីធ្វើសកម្មភាពឆ្ពោះទៅរកគោលដៅដែលចង់បាននោះ គឺឆ្នាំ២០៣០ ត្រូវធ្វើឲ្យកម្ពុជា ត្រូវជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់។
ក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី ២២ ខែសីហា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «យោងតាមសមាភាពគណៈរដ្ឋមន្ដ្រីថ្មី សម្ដេច មានជំនឿទុកចិត្តថា ពួកគេមានភាពរហ័សរហួន ដើម្បីធ្វើសកម្មភាពឆ្ពោះទៅរកគោលដៅដែលចង់ទៅនោះ គឺឆ្នាំ២០៣០ ត្រូវធ្វើឲ្យកម្ពុជា ត្រូវជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ ហើយឆ្នាំ២០៥០ គឺកម្ពុជា នឹងក្លាយជាប្រទេសមានប្រាក់ចំណូលកម្រិតខ្ពស់តែម្ដង»។
សម្ដេចតេជោ បន្ដថា សម្ដេច មានបំណងប្រាថ្នាចង់ឃើញអ្នកបន្តវេនធ្វើឲ្យសម្រេចបាននូវកិច្ចការសំខាន់ពីរយ៉ាង គឺទី១- បន្តថែរក្សាឲ្យបាននូវសុខសន្តិភាព និងស្ថិរភាពនយោបាយ ដែលជាចំណុចមូលដ្ឋានគ្រឹះ និង២- សម្រេចឲ្យបាននូវការចាកចេញពីប្រទេស ដែលមានការអភិវឌ្ឍតិចតួច ក្លាយទៅជាប្រទេសមាន ប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ និងប្រទេសមានប្រាក់ចំណូលខ្ពស់តែម្ដង និងអត្រានៃភាពក្រីក្រ ត្រូវកាត់ បន្ថយឱ្យដល់សូន្យ។
សូមបញ្ជាក់ថា រដ្ឋសភា បានបោះឆ្នោតអនុម័តទាំងស្រុងលើសមាសភាពគណៈរដ្ឋមន្ត្រីថ្មី មានលោកកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។
សមាសភាពគណៈរដ្ឋមន្ត្រីនេះ មានឧបនាយករដ្ឋមន្ត្រីចំនួន ១០រូប ព្រមទាំងមានទេសរដ្ឋមន្រ្តី និងរដ្ឋមន្ត្រី ៤០រូបផ្សេងទៀត ដែលភាគច្រើនជាយុវជនបន្តវេន ដែលរៀបចំឡើងដោយគណបក្សប្រជាជនកម្ពុជា៕EB