សម្តេចតេជោ ហ៊ុន សែន ណែនាំម្ចាស់បុរី ហៅម្ចាស់ផ្ទះបានរឹបអូសផ្ទះ មកជជែកគ្នា ហើយផ្តល់ផ្ទះត្រឡប់ទៅវិញ ដោយចិត្តធម៌
កំពង់ឆ្នាំង ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានធ្វើការណែនាំម្ចាស់បុរី ហៅម្ចាស់ផ្ទះដែលត្រូវបានរឹបអូសផ្ទះ មកជជែកគ្នា ហើយផ្តល់ផ្ទះត្រឡប់ទៅវិញ ដោយចិត្តធម៌ ក្រោមនយោបាយឈ្នះ-ឈ្នះ។
ការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងពីធីជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី ក្នុងស្រុកកំពង់ត្រឡាច និងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង (លើកទី២) នៅព្រឹកថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០២៣នេះ។
នាឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ម្ចាស់បុរីទាំងអស់ សូមកុំរឹបអូសយកផ្ទះប្រជាពលរដ្ឋ ដែលមិនទាន់មានលទ្ធភាពបង់ប្រាក់ប្រចាំខែ ដោយសារបញ្ហាហិរញ្ញវត្ថុ។ សម្តេច បានលើកឡើងថា បើទោះបីជាមិនរឹបអូស ក៏ថៅកែម្ចាស់បុរីមិនមានការខាតបង់នោះដែរ។ មានន័យថា ម្ចាស់បុរីចំណេញទៅវិញទេ, ចំណេញត្រង់ថា ការប្រាក់នៅតែជាការប្រាក់ដដែល គ្រាន់តែឱ្យអ្នកទិញអូសបន្លាយពេលសងវែងជាងមុនប៉ុណ្ណោះ។
សម្តេច នាយករដ្ឋមន្រ្តី បន្តថ្លែងដូច្នេះថា« ខ្ញុំសុំស្នើឱ្យក្រុមហ៊ុនអចលនទ្រព្យ ដូចជាលោកឧកញ៉ា លី ហួរ ប្រធានសមាគមអចលនទ្រព្យ ធ្វើការលើរឿងនេះ ជាមួយសមាជិកសមាគមនៅតាមបុរីនានា កុំឱ្យថា មិនបានបង់ខែនឹងរឹបអូសយកខែនឹង ដែលខ្ញុំទទួលបានខ្លះ តើពិត ឬមិនពិត?»។
សម្តេចតេជោ សង្កត់ធ្ងន់ថា បើធ្វើដូច្នេះ គឺខូចខាតធ្ងន់ណាស់ សេចក្តីកម្ពុជា នឹងដើរដល់ដំណាក់កាលមួយគ្រោះថ្នាក់, ហើយអ្នកដែលគ្រោះថ្នាក់ គឺអ្នកដែលបង់រំលស់ ត្រូវបានគេរឹបអូស។ « ឥឡូវថា តម្លៃផ្ទះ ៧ម៉ឺនដុល្លារ, បង់បាន ៥ម៉ឺនដុល្លារហើយ ស្រាប់តែមិនបានបង់តែមួយរយៈកាល ម្ចាស់បុរីរឹបអូស អ៊ីចឹងលុយ ៥ម៉ឺនដុល្លារដែលបានបង់ហើយ ក៏ត្រូវបាត់ ឯផ្ទះក៏អត់បាននៅ, នេះជាការឈឺចាប់មួយ»៕EB