សម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យអាជ្ញាធរ ត្រូវបង្ក្រាបអ្នកទន្ទ្រាន ដីរដ្ឋ មិនត្រូវលើកលែង ក្រោមហេតុផលប៉ះពាល់ សំឡេងឆ្នោត
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាឲ្យអាជ្ញាធរមូលដ្ឋាន ត្រូវទប់ស្កាត់បានម៉ឹងម៉ាត់បំផុត ចំពោះអ្នកកាប់ទន្ទ្រានយកដីរដ្ឋ មិនត្រូវលើកលែង ក្រោមហេតុផលប៉ះពាល់ សំឡេងឆ្នោត
ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារថ្មី នៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា និងប្រគល់សញ្ញាបត្រជូនដល់សិស្សចៅក្រម, សិស្សក្រឡាបញ្ជី សិស្សអាជ្ញាសាលា និងសិស្សសារការី បានបញ្ចប់ការសិក្សានៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា នាថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងផ្ដាំផ្ញើដល់អ្នកសិទ្ធិមនុស្ស និងអ្នកប្រជាធិបតេយ្យ សុំមើលព្រៃទាំងមូល កុំមើលឈើមួយដើមៗ រាជរដ្ឋាភិបាលកាព្វកិច្ចចាំបាច់ដើម្បីការពារសណ្ដាប់ធ្នាប់ និងការពារធនធានធម្មជាតិ។។
សម្ដេចតេជោ បានណែនាំដល់អភិបាលខេត្តទាំងអស់ ត្រូវទប់ស្កាត់ឲ្យខានតែបានរាល់សកម្មភាពកាប់ទន្ទ្រានដីព្រៃ នៅមុនពេលដំណាក់កាលបោះឆ្នោតជាតិខាងមុខនេះ។ សម្ដេច ក៏បានព្រមានចាត់វិធានការច្បាប់ជាធរមានដល់ជនប្រព្រឹត្ត និងជនជាប់ពាក់ព័ន្ធផងដែរ។
សម្ដេចតេជោ គូសបញ្ជាក់ថា «ឱ្យតែជិតដល់ពេលបោះឆ្នោត គឺមកដល់ (យកដីរដ្ឋ) អញ្ចឹងគ្រប់ចៅហ្វាយខេត្តទាំងអស់ ធ្វើកិច្ចការងារនឹង ដីធ្លីរបស់គេ ទៅចាប់អាពេលហ្នឹង (បោះឆ្នោត) ហើយបើគេទៅដកបង្គោលចេញ រុះរើសចេញ ថាគេនឹងអយុត្តិធម៌ គណបក្សប្រជាជនអយុត្តិធម៌។ ប៉ុន្ដែក្រុមហ្នឹងយើងដឹងថា អ្នកណាពីក្រោយ ប៉ុន្ដែពេលខ្លះអ្នកមានអំណាចរបស់យើងមួយចំនួន ក៏ទៅធ្វើរឿងហ្នឹងដែរ អ្នកមានលុយមួយចំនួនជួលគេទៅកាប់ដីព្រៃ ឱ្យលុយគេទៅ រួចហើយយកឈ្មោះប្រជាជនពាំង ដល់ពេលរដ្ឋធ្វើសម្បទានឱ្យដីនឹងមិនបានទៅប្រជាជនណា បានទៅអ្នកមានលុយអញ្ចឹងទេ កុំឱ្យកើតមានឡើយ»។
សម្ដេច នាយករដ្ឋមន្ដ្រី បន្ដថា បើមន្ដ្រីនានាពាក់ព័ន្ធទៅនឹងការទន្ទ្រានដីរដ្ឋ កុំបន្ទោះ សម្ដេច ឲ្យសោះ ដោយមិនអាចទុកក្នុងក្របខណ្ឌរដ្ឋទៀតឡើយ។ សម្ដេច ក៏បានណែនាំ លោក សៅ សុខា, រដ្ឋមន្ដ្រីក្រសួងបរិស្ថាន, រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលជាអ្នកទទួលបន្ទុកការងារបង្ក្រាបព្រៃឈើ ក៏ត្រូវមើលរឿងនឹងដែរ ជាពិសេសអាជ្ញាធរនៅមូលដ្ឋានផ្ទាល់ ត្រូវធ្វើកិច្ចការងារទាំងនេះឱ្យបានត្រឹមត្រូវបំផុត។ សម្ដេច បន្ដថា កុំចាំដល់ពេលក្រោយពេលបោះឆ្នោតរួច នាំដើរគ្នារើស។
សម្ដេចតេជោ បញ្ជាក់ឲ្យដឹងថា កុំថារដ្ឋាភិបាលដៃក្ដៅ គឺអត់ទេ រដ្ឋាភិបាល ត្រូវការពារសណ្ដាប់ធ្នាប់សាធារណៈ និងស្ថេរនយោបាយ។ សម្ដេច លើកឡើងថា «កុំថា ជិតបោះឆ្នោតរដ្ឋាភិបាលថ្មមៗ ដើម្បីសន្លឹកឆ្នោត គឺអត់ទេ» អាជ្ញាធរត្រូវចាត់វិធានការភ្លាមៗ ប៉ុន្ដែកុំយកកាំភ្លើងទៅបាញ់ឱ្យសោះ គ្រាន់តែទប់ស្កាត់ និងឃាត់ខ្លួនតែប៉ុណ្ណោះ៕EB