ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានប្រកាសថា សម្ដេច ជាសះស្បើយពីជំងឺកូវីដ-១៩ហើយ ក្រោយអនុវត្តតាមវិធានសុខាភិបាល ដោយដាក់ខ្លួននៅដាច់ដោយឡែករយៈពេល៥ថ្ងៃ។
យោងតាមគេហទំព័រហ្វេសប៊ុករបស់ សម្ដេចក្រឡាហោម ស ខេង នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ បានសរសេរថា "នៅថ្ងៃនេះខ្ញុំបានជាសះស្បើយពីជំងឺកូវីដ-១៩ហើយ ក្រោយពីបានអនុវត្តតាមវិធានសុខាភិបាល ដោយដាក់ខ្លួននៅដាច់ដោយឡែករយៈពេល៥ថ្ងៃ ធ្វើលំហាត់ប្រាណ និងការព្យាបាល។ ចាប់ពីពេលនេះតទៅ ខ្ញុំនឹងមានវត្តមានជាសាធារណឡើងវិញ ដើម្បីបម្រើការងារជូនជាតិ និងប្រជាពលរដ្ឋ"។
សម្ដេចក្រឡាហោម ក៏បានថ្លែងអំណរគុណជាអនេកប្បការដល់វេជ្ជបណ្ឌិតកម្ពុជាដែលបានណែនាំ និងពិនិត្យព្យាបាលសម្ដេច និងសូមអរគុណជាអនេកផងដែរចំពោះបងប្អូនជនរួមជាតិដែលបានយកចិត្តទុកដាក់ដល់សុខភាពខ្ញុំ និងបានជូនពរឲ្យបានជាសះស្បើយ ។
សម្ដេចក្រឡាហោម គូបបញ្ជាក់ថា "ខ្ញុំក៏សូមជូនពរដល់បងប្អូនជនរួមជាតិទាំងអស់ជួបប្រទះតែពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងជាពិសេសគឺចាកផុតពីជំងឺកូវិដ-១៩ កុំបីឃ្លាងឃ្លាតឡើយ"៕EB