ភ្នំពេញ ៖ កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា អភិបាលរាជធានីភ្នំពេញ ត្រូវត្រៀមរថយន្តក្រុងសាធារណៈ ដើម្បីដឹកជញ្ជូនប្រជាជនទៅកាន់ស្រុកកំណើត ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ នាពេលខាងមុននេះ។

លោកបណ្ឌិត ហ៊ុន ម៉ាណែត លើកឡើងបែបនេអ នាឱកាសអញ្ជើញចុះជួបសំណេះសំណាល ជាមួយកម្មករ និយោជិត ជាង១ម៉ឺននាក់ ដែលពីតាមបណ្តារោងចក្រ សហគ្រាស នៅភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល នៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣។

នៅចំពោះមុខកម្មការ-កម្មការិនី នៅព្រឹកនេះ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាឱ្យលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ត្រៀមរថយន្តក្រុងសាធារណៈ ដើម្បីដឹកជញ្ជូនប្រជាជនទៅកាន់ស្រុកកំណើត ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ នាពេលខាងមុននេះ។ បើតាមលោក បណ្ឌិត ហ៊ុន ម៉ាណែត រាជរដ្ឋាភិបាលចំណាយថវិកាប្រមាណ ៦០ម៉ឺនដុល្លារ ជារៀងរាល់ឆ្នាំ ដើម្បីដឹកប្រជាពលរដ្ឋទៅស្រុកកំណើតក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ។ លោកបណ្ឌិត សង្កត់ធ្ងន់ថា ការចំណាយដើម្បីប្រយោជន៍ប្រជាពលរដ្ឋ គឺរដ្ឋមិនសោកស្តាយនោះទេ។

ឆ្លៀតឱកាសនោះ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា គឺមានភាពប្រាកដនិយម វិទ្យាសាស្ត្រនិយម ប្រកបដោយភាពប្រយ័ត្នប្រយែង និងមានចីរភាពសម្រាប់ជាតិ និងប្រជាជន៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ