ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ណែនាំក្រសួង-ស្ថាប័ន បង្កើនការផ្សព្វផ្សាយ និងរួមគ្នាយកចិត្ដទុកដាក់គ្រប់គ្រង សារធាតុគីមីផ្សំ
ភ្នំពេញ ៖ លោកសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានណែនាំដល់ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវរួមគ្នាយកចិត្ដទុកដាក់គ្រប់គ្រងសារធាតុគីមីផ្សំគ្រប់ប្រភេទ ក្នុងនោះរាប់ទាំងការនាំចូល ស្ដុកទុក និងប្រើប្រាស់ ហើយដែលអាចកែច្នៃទៅជាគ្រឿងញៀនបាន។
ក្នុងកិច្ចប្រជុំលើកដំបូង របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ លោកសន្ដិបណ្ឌិត នេត សាវឿន ក៏បានជំរុញឲ្យបង្កើនការយកចិត្តទុកដាក់ខ្ពស់ ចំពោះការអប់រំផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងជាសាធារណៈ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ឲ្យចំមុខសញ្ញា និងក្រុមគោលដៅដែលងាយប្រឈមនឹងគ្រោះថ្នាក់។
លើសពីនេះ ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ ក្នុងការស្រាវជ្រាវរកប្រភពផ្គត់ផ្គង់ ដោយខុសច្បាប់នូវសារធាតុគីមីផ្សំ និងចាត់វិធានការជំនាញ ឲ្យបានតឹងរ៉ឹងបំផុតក្នុងការទប់ស្កាត់ការចរាចរ ដឹកជញ្ជូនសារធាតុគីមីផ្សំចូលមកក្នុងប្រទេស។
ក្រៅពីការចិត្តទុកដាក់គ្រប់គ្រងសារធាតុគីមីផ្សំហើយនោះ ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏មិនភ្លេចណែនាំស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវតែទប់ស្កាត់ឲ្យខាងតែបាននូវការលួចនាំចូលសារធាតុញៀន ខុសច្បាប់គ្រប់ប្រភេទ ចូលក្នុងប្រទេសកម្ពុជាតែម្ដង។
លោកសន្ដិបណ្ឌិត នេត សាវឿន បានជំរុញដោយត្រង់តែម្ដងទៅកាន់អភិបាលរាជធានី-ខេត្ត ដែលជាសមាជិកអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ត្រូវទប់ស្កាត់ការលួចកែច្នៃផលិតគ្រឿងញៀន ដោយយកចិត្តទុកដាក់គ្រប់គ្រងទីតាំងឃ្លាំងស្ដុកទំនិញផ្សេងៗ នៅក្នុងមូលដ្ឋាន ពិសេសកន្លែងដែលមានការសង្ស័យជាដើម។
សូមរំលឹកថា យោងតាមរបាយការណ៍របស់ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបញ្ជាក់ឲ្យដឹងថា ក្នុងរយៈពេល ៨ខែ ឆ្នាំ២០២៣ សមត្ថកិច្ចអនុវត្តច្បាប់កម្ពុជា ធ្វើការបង្ក្រាបបទល្មើសគ្រឿងញៀន បានចំនួន៥,១៣៣ករណី ឃាត់ខ្លួនជនល្មើស ចំនួន១២,៤៩១នាក់ ចាប់យកសារធាតុញៀន ចំនួន២,៦៥៨.៥៦គីឡូក្រាម សារធាតុគីមីផ្សំចំនួន៩១០.៨៧គីឡូក្រាម រួមនិងវត្ថុតាងពាក់ព័ន្ធមួយចំនួនទៀត៕EB