ឧបនាយករដ្ឋមន្ដ្រី ស សុខា ឱ្យពិនិត្យឡើងវិញនៅតម្លៃធ្វើលិខិតឆ្លងដែន នៅកម្ពុជា
ភ្នំពេញ ៖ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំឱ្យមន្ដ្រីក្រោមឱវាទបន្ដពិនិត្យឡើងវិញ នៅតម្លៃការធ្វើលិខិតឆ្លងដែន ក្នុងប្រទេសកម្ពុជា ខណៈមានតម្លៃ មិនក្រោម ១០០ដុល្លារ។
ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា លើកឡើងបែបនេះនាឱកាសអញ្ជើញជួបសំណេះសំណាលជាមួយ ថ្នាក់ដឹកនាំជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ថ្នាក់អគ្គនាយក និងប្រធាននាយកដ្ឋានចំណុះក្រសួងមហាផ្ទៃ នាថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ ដែលពិធីនេះប្រារព្ធធ្វើឡើងនៅទីស្ដីការក្រសួងមហាផ្ទៃ។
ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា មានប្រសាសន៍ថា «បន្ដពិនិត្យឡើងវិញនៅតម្លៃការធ្វើលិខិតឆ្លងដែន ជាពិសេសពិនិត្យនៅប្រទេសក្នុងតំបន់អាស៊ានរបស់យើង ដូចជា ភូមិមា វៀតណាម មានតម្លៃទៀប។ មួយទៀត ប្រទេសថៃ ប្រទេសសិង្ហបុរី លើសមធ្យមតិចតួច។ ប៉ុន្ដែចំណែកកម្ពុជារបស់យើង តម្លៃហាក់ដូចមានភាពខ្ពស់ សូមឱ្យអង្គភាពពាក់ព័ន្ធ ពិនិត្យ ពិចារណា ហើយការងារនេះយើងដឹងទាំងអស់គ្នាថា មិនក្រោម ១០០ដុល្លារទេ»។
ចំពោះការធ្វើលិខិតឆ្លងដែននេះ ឯកឧត្តមអភិសន្ដិបណ្ឌិត បានប្រាប់មន្ដ្រីក្រោមឱវាទថា ធ្វើយ៉ាងណាផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋ កុំឱ្យពីមួយអាណត្តិ ទៅមួយអាណត្តិ ការធ្វើលិខិតឆ្លងដែនមានការឡើងថ្លៃរហូត។
នាឱកាសនោះ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា បានថ្លែងអំណរគុណ និងដឹងគុណយ៉ាងជ្រាលជ្រៅដ៏ធំធេងបំផុតចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា, សម្ដេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្ដល់សេចក្ដីទុកចិត្តយ៉ាងមួលមុតចំពោះ ឯកឧត្តមអភិសន្ដិបណ្ឌិត និងបានស្នើតែងតាំងមុខតំណែង ឯកឧត្តមអភិសន្ដិបណ្ឌិត ជាឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ សម្រាប់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ឆ្នាំ២០២៣-២០២៨៕EB