កម្មវិធីស្វ័យសិក្សា គឺជាឧបករណ៍អប់រំដ៏ប្រសើរសម្រាប់ លោកគ្រូ-អ្នកគ្រូ និងអាណាព្យាបាល ជួយបង្រៀនកូននៅតាមផ្ទះ និងតម្រង់ទិសសិក្សាដល់កូនៗ
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា និងសហភាពសហព័ន្ធយុវជនកម្ពុជា បានឱ្យដឹងថា កម្មវិធីស្វ័យសិក្សាមាន ឈ្មោះថា (MoEYS E-Learning) គឺជាឧបករណ៍អប់រំដ៏ប្រសើរសម្រាប់ លោកគ្រូ-អ្នកគ្រូ និងអ្នកអាណាព្យាបាល ជួយ បង្រៀនកូននៅតាមផ្ទះ ហើយចង្អុលបង្ហាញ និងតម្រង់ទិសសិក្សាដល់កូនៗ និងសិស្សានុសិស្ស ឲ្យសិក្សាបំពេញបន្ថែម។
យោងតាមសេចក្ដីថ្លែងការណ៍រួម កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ ក្រសួងអប់រំ និងសហភាពសហព័ន្ធយុវជនកម្ពុជា បានប្រកាសដាក់ឲ្យប្រើជាផ្លូវការ នៃកម្មវិធីស្វ័យសិក្សាមានឈ្មោះថា (MoEYS E-Learning) ចាប់ពីថ្ងៃទី៧ ឧសភា នេះតទៅ។
ប្រភពដដែល បានបញ្ជាក់ថា «កម្មវិធីស្វ័យសិក្សាដែលបានអភិវឌ្ឍឡើងតាមបែបឌីជីថល និងបច្ចេកវិទ្យានេះ នឹងផ្តល់ ភាពងាយស្រួលរហ័ស និងចំណេញពេលវេលា ដល់សិស្សានុសិស្ស ក្នុងការចូលទៅប្រើប្រាស់ និងអាចទាញយកប្រយោ ជន៍ដ៏ ច្រើនសម្បូរបែបផងដែរ។ កម្មវិធីនេះ នឹងផ្តល់ជាជម្រើសមួយបន្ថែមទៀត ក្នុងការអនុវត្តទស្សនាទាន គន្លងជីវិតថ្មី ក្នុងវិស័យអប់រំ នៅកម្ពុជា ដែលសិស្សានុសិស្សនៅកម្រិតចំណេះទូទៅ អាចធ្វើស្វ័យសិក្សាបន្ថែមស្របតាមភាពចាំបាច់ និងជាឧបករណ៍អប់រំដ៏ប្រសើរមួយទៀតសម្រាប់ លោកគ្រូ អ្នកគ្រូ ក៏ដូចជាអ្នកអាណាព្យាបាល ក្នុងការជួយ បង្រៀនកូននៅផ្ទះ ចង្អុលបង្ហាញ និងតម្រង់ទិសសិក្សាដល់កូនៗ និងសិស្សានុសិស្ស ឲ្យសិក្សាបំពេញបន្ថែម រំលឹកមេរៀន ឬរៀនត្រៀមសម្រាប់មេរៀនណាមួយដែលចាំបាច់ នៅគ្រប់កម្រិត និងគ្រប់ភូមិសិក្សានៃការអប់រំចំណេះ ទូទៅ»។
ឧបករណ៍ស្វ័យសិក្សាតាមប្រព័ន្ធឌីជីថល មានលក្ខណៈបើកទូលាយសម្រាប់សិស្សានុសិស្សទូទៅនេះ គឺជាជម្រើសដ៏ល្អ ប្រសើរ ដែលផ្តល់ឲ្យសិស្សានុសិស្សគ្រប់រូបនូវឯកសារ និងឧបករណ៍សិក្សាចាំបាច់នានាឱ្យមានក្នុងដៃ។ បន្ថែមពីលើនោះ កម្មវិធីនេះ នឹងជួយជំរុញដល់សិស្សានុសិស្សឱ្យអាចសម្របខ្លួនទៅនឹងទស្សនាទាននានា ដូចជា ៖ ការអប់រំតាមបែបឌីជីថល តាមរយៈការស្វែងយល់បន្ថែមដោយខ្លួនឯងអំពីបំណិនជីវិត ជាពិសេសទំនួល ខុសត្រូវ ការគ្រប់គ្រងពេលវេលា ភាពអត់ធ្មត់ ការខិតខំប្រឹងប្រែង ការពង្រីកចំណេះដឹង និងការអភិវឌ្ឍសមត្ថភាព ស្របតាមកាលៈទេសៈ និងទាន់សម័យកាល ដើម្បីអនាគតខ្លួន។
ជាងនេះទៅទៀត ក្រសួងអប់រំ យុវជន និងកីឡា និងសហភាពសហព័ន្ធយុវជនកម្ពុជា បានសង្ឃឹមយ៉ាងមុតមាំថា សិស្សានុសិស្ស មាតាបិតា អ្នកអាណាព្យាបាល និងសាធារណជនទាំងអស់ នឹងទទួលបានអត្ថប្រយោជន៍ពីកម្មវិធី ស្វ័យសិក្សានេះ តាមលទ្ធភាព និងប្រកបដោយប្រសិទ្ធភាព និងភាពស័ក្តិសិទ្ធ។
សូមរំលឹកថា ដើម្បីទទួលបាន និងអាចប្រើប្រាស់កម្មវិធីស្វ័យសិក្សានេះ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ អ្នកអាណាព្យាបាល និងសាធារណជន ត្រូវចូលទៅក្នុង App Store, Google Play ឬ AppGallery ដើម្បីទាញយក កម្មវិធីស្វ័យសិក្សា MoEYS E-Learning និងអានសេចក្ដីណែនាំបច្ចេកទេស ដែលមានក្នុងកម្មវិធីស្រាប់៕EB