រដ្ឋមន្ដ្រីក្រសួងព័ត៌មាន មានយោបល់ឱ្យក្រសួងពាណិជ្ជកម្មលក់ទំនិញបង់រំលស់ ក្នុងរយៈពេលបិទខ្ទប់
ភ្នំពេញ ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន មានយោបល់ឱ្យក្រសួងពាណិជ្ជកម្ម លក់ទំនិញរបស់ខ្លួនបង់រំលស់ជូនប្រជាពលរដ្ឋក្រីក្រ ក្នុងរយ:ពេលបិទខ្ទប់រាជធានីភ្នំពេញ។ លោក ខៀវ កាញារីទ្ធ មានយោបល់បែបនេះ បន្ទាប់ពីឃើញក្រសួងពាណិជ្ជកម្មចាត់ចែងបើកស្តង់លក់ទំនិញក្នុងពេលបិទខ្ទប់ នេះជាគំនិតផ្តួចផ្តើមមួយល្អ ។
យោងតាមគេហទំព័រហ្វេសប៊ុក របស់ លោក ខៀវ កាញារីទ្ធ នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ ២០២១ ថា « ប៉ុន្តែខ្ញុំគិតលេងៗថា ក្រសួងពាណិជ្ជកម្មអាចលក់បង់រំលស់ជូនអ្នកដែលមិនមានលុយគ្រប់គ្រាន់ ហើយអនុញ្ញាតឱ្យអ្នកលក់ដូរធម្មតាលក់នៅជិតនោះសម្រាប់អ្នកមានលុយគ្រប់គ្រាន់»។
លោកបញ្ជាក់ថា ការធ្វើដូចនេះ នឹងជួយអ្នកមានជីវភាពខ្វះខាត និងអនុញ្ញាតឱ្យប្រជាពលរដ្ឋ ( អ្នកចាក់វ៉ាក់សាំងបាន ២ លើកហើយ ) មានប្រភពចំណូលវិញផង ។
លោក បញ្ជាក់ យ៉ាង ដូច្នេះ ថា «បើមិនចង់ស្មុគស្មាញលក់រំលស់ទេ ក្រសួងមិនបាច់លក់ ទុកឱ្យឯកជនទាំងអស់ក៏បាន ( ក្រសួងត្រួតពិនិត្យតម្លៃ ) ធ្វើបែបនេះ គឺមន្ត្រី រាជការមិនលំបាកនឹងមកលក់ដូរផងដែរ»។
សូមជម្រាបថា យោងតាមសេចក្ដីណែនាំដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល ដែលឱ្យក្រសួងពាណិជ្ជកម្ម រៀបចំសម្របសម្រួលផ្គត់ផ្គង់ស្បៀង និងគ្រឿងឧបភោគបរិភោគចាំបាច់លក់ជូនប្រជាពលរដ្ឋរស់នៅក្នុងតំបន់ក្រហម ខណៈពេលនៃការបិទខ្ទប់ ។
សូមបញ្ជាក់ថា បើគិតត្រឹមយប់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ម្សិលមិញនេះ ក្រសួងពាណិជ្ជកម្ម លក់បានអង្ករ២១៨បាវ, មីជាតិ៦២៣កេស, ទឹកត្រី១៤៨យួរ, ទឹកស៊ីអ៊ីវ១៦៧យួរ, ត្រីខ ៣៥៥យួរ, បន្លែ១១៥គីឡូក្រាម និងសាច់ក្រក១៣គីឡូក្រាម ក្នុងតម្លៃទាបជាងទីផ្សារ ជូនប្រជាពលរដ្ឋ ដែលកំពុងរស់នៅតំបន់ក្រហម។ ដោយឡែកការបញ្ជាទិញតាមរយៈទីផ្សារអនឡាញវិញ មានការបញ្ជាទិញរហូតដល់ ៤១២ប្រតិបត្តិការឯណោះ (គិតត្រឹមម៉ោង១៥ និង៣០នាទី ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១)៕EB