វៀតណាម ៖ លោក Pham Minh Chinh នាយករដ្ឋមន្រ្តីវៀតណាម បានបញ្ជាឲ្យបណ្តាទីភ្នាក់ងាររដ្ឋាភិបាល និងក្រសួងនានា អំពាវនាវរកការបរិច្ចាគប្រាក់ដល់មូលនិធិវ៉ាក់សាំងរបស់ប្រទេសនេះ។ នេះបើយោងតាមការបង្ហោះ នៅលើគេហទំព័ររបស់រដ្ឋាភិបាល។

សេចក្តីប្រកាសរបស់លោក Chinh បានកើតឡើង ខណៈការផ្ទុះឡើងថ្មីនៃជំងឺកូវីដ-១៩ បានវាយប្រហារភាគខាងជើងប្រទេស និងគំរាមកំហែងដល់ឧទ្យានឧស្សាហកម្មដែលជាទីតាំងរបស់ក្រុមហ៊ុនយក្សនានា ដូចជា Apple Inc និង Samsung Electronics Co ជាដើម។


លោក Chinh ក៏បានអំពាវនាវផងដែរ ឲ្យមានការរឹតបន្តឹង នៃកញ្ចប់ថវិកា ដូច្នេះមូលនិធិកាន់តែច្រើន អាចចូលទៅកាន់កម្មវិធីទិញវ៉ាក់សាំង។ស្របពេលជាមួយគ្នានោះដែរ ក្រសួងហិរញ្ញវត្ថុរបស់ប្រទេសវៀតណាម បានស្នើឲ្យបង្កើតមូលនិធិមួយដើម្បីពន្លឿនការទិញវ៉ាក់សាំង។

លោក Chinh បានអំពាវនាវឲ្យមន្រ្តីរដ្ឋាភិបាល បង្កើតយន្តការ ដើម្បីស្នើសុំការបរិច្ចាគពីបុគ្គល ក្រុមហ៊ុននិងអង្គការនានានៅក្នុងប្រទេសវៀតណាមនិងនៅបរទេស។ ក្រសួងសុខាភិបាលបានប៉ាន់ប្រមាណថា វៀតណាម នឹងត្រូវចំណាយប្រាក់ប្រហែល ២៥.២ ទ្រីលានដុង (១.១ ពាន់លានដុល្លារ) ដើម្បីទិញវ៉ាក់សាំងចំនួន១៥០លានដូស សម្រាប់ប្រជាជន៧៥លាននាក់។


សូមរំលឹកថា យោងតាមក្រសួងហិរញ្ញវត្ថុ បានឲ្យដឹងថា រដ្ឋាភិបាលមានប្រាក់ជិត៧០០លានដុល្លារហើយនៅក្នុងដៃ សម្រាប់ការទិញវ៉ាក់សាំង ហើយរំពឹងថា នឹងទទួលបាន ៤០០លានដុល្លារផ្សេងទៀតពីរដ្ឋាភិបាលមូលដ្ឋាន និងក្រុមហ៊ុនក្នុងស្រុក៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ