ភ្នំពេញ៖ លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានថ្លែងថា ប្រព័ន្ធធនាគារ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បន្តមានភាពធន និងផ្តល់សេវាហិរញ្ញវត្ថុ ប្រកបដោយនិរន្តរភាព ទោះបីប្រទេសកម្ពុជាជួបបញ្ហាជំងឺកូវីដ-១៩ ក៏ដោយ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ធនគារជាតិនៃកម្ពុជា។


ក្នុងសន្និបាតបូកសរុប លទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២១ របស់ធនាគារជាតិនៃកម្ពុជា នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ លោក ជា ចាន់តូ បានឲ្យដឹងថា ឆមាសទី១ ឆ្នាំ២០២១ សេដ្ឋកិច្ចកម្ពុជាបន្តទទួលរងឥទ្ធិពល ពីការរីករាលដាលនៃជំងឺកូវីដ-១៩ ទាំងក្នុងស្រុក និងតំបន់ដែលធ្វើឲ្យប៉ះពាល់ ដល់វិស័យចម្បងៗដូចជា ៖ វិស័យទេសចរណ៍, កម្មន្តសាល និងសំណង់ លើកលែងវិស័យកសិកម្ម ដែលបន្តមានវឌ្ឍនភាពល្អ។ លោកថា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដាក់ចេញវិធានការម៉ឺងម៉ាត់ ក្នុងការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ ជាមួយនឹងការបង្កើន ការចាក់វ៉ាក់សាំងយ៉ាងទូលំទូលាយ និងឆាប់រហ័ស។


លោកបន្ដថា ជាក់ស្ដែង អាត្រាប្ដរប្រាក់បន្ដមានស្ថិរភាពក្នុងរង្វង់ ៤.០៨៥រៀល ក្នុង១ដុល្លារអាមេរិក និងបានរួមចំណែក យ៉ាងសំខាន់ដល់ការរក្សាអតិផរណា មានកម្រិតទាបអាចគ្រប់គ្រងបាន ២,៥%។ ទទ្ទឹមនេះ ទុកបម្រុងអន្ដរជាតិបន្ដស្ថិតក្នុ ងកម្រិតខ្ពស់ ២០,៨ប៊ីលានដុល្លារអាមេរិក ដែលអាចធានាការនាំចូលទំនិញ និងសេវាសម្រាប់គ្រាបបន្ទាប់បានប្រមាណ ជាង១០ខែ និងបានពង្រឹងជំនឿទុកចិត្តរបស់ សាធារណជនមកលើកប្រាក់រៀល ផងដែរ។


លោក,បញ្ជាក់ថា «ចំពោះប្រព័ន្ធធនាគារ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បន្តមានភាពធន និងបានផ្តល់សេវាហិរញ្ញវត្ថុ ប្រកបដោយនិរន្តរភាព។ ទ្រព្យសកម្មប្រព័ន្ធធនាគារកើនឡើង១៨%, ឥណទានអតិថិជនមានកំណើន២៣,៤%, និងប្រាក់បញ្ញើអតិថិជនកើន២០,៧%។ ស្ថានភាពដើមទុនក៏មានភាពរឹងមាំ ដោយអនុបាតសាធនភាពមានកម្រិត២៤,៤% សម្រាប់វិស័យធនាគារ និង២២,៧% សម្រាប់វិស័យមីក្រូហិរញ្ញវត្ថុ, សន្ទនីយភាពមានកម្រិតខ្ពស់១៥៩,៨% សម្រាប់គ្រឹះស្ថានធនាគារ និង១៧៥,៦% សម្រាប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ»៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ