កម្ពុជា កំណត់យក ថ្ងៃទី២៥-២៦ វិច្ឆិកា ២០២១ ដើម្បីរៀបចំកិច្ចប្រជុំ កំពូលអាស៊ី-អឺរ៉ុប លើកទី១៣
ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានឯកភាព កំណត់ យកកាលបរិច្ឆេទថ្មី គឺថ្ងៃទី២៥-២៦ ខែវិច្ឆិកា ឆ្នាំ ២០២១ ដើម្បីរៀបចំកិច្ចប្រជុំកំពូល អាស៊ី-អឺរ៉ុប លើកទី១៣ (ASEM13) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
យោងតាមលិខិត របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ បានបញ្ជាក់យ៉ាងដូច្នេះថា «សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឯកភាពកំណត់យកកាលបរិច្ឆេទថ្មី គឺថ្ងៃទី២៥-២៦ ខែវិច្ឆិកា ឆ្នាំ២០២១ ដើម្បីរៀបចំកិច្ចប្រជុំកំពូលអាស៉ីអឺរ៉ុបលើកទី១៣ (ASEM13)»។
សូមរំលឹកថា ដើមឡើយ ក្នុងនាមជាម្ចាស់ផ្ទះ កម្ពុជាគ្រោងរៀបចំកិច្ចប្រជុំកំពូលអាស៉ី-អឺរ៉ុប លើកទី១៣ នេះ នៅថ្ងៃទី១៦-១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ប៉ុន្តែដោយសារបញ្ហារាតត្បាតជំងឺកូវីដ១៩ រាជរដ្ឋាភិបាល ក៏បានស្នើលើកពេលម្តងរួចទៅហើយ ដោយគ្រោងនឹងរៀបចំកិច្ចប្រជុំដ៏ធំនេះ មកពាក់កណ្ដាលឆ្នាំ២០២១ ហើយក៏មិនអាចរៀបចំបាន និងរហូតសម្រេចចុងក្រោយ នៅចុងខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខនេះ៕