ភ្នំពេញ៖ លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បាននអោយដឹងថា សរុបរយៈពេល ១២ខែ ឆ្នាំ២០២០ ចំណូលពន្ធ-អាករ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន (តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ របស់អគ្គនាយកដ្ឋានពន្ធដារ) មានចំនួន ១១ ៧០០.៥២ប៊ីលានរៀល (ប្រមាណជា ២ ៨៨៩.០២លានដុល្លារអាមេរិក) ស្មើនឹង១០១.៣៦% នៃផែនការប្រចាំឆ្នាំ ធៀបនឹងចំណូលពន្ធ-អាករប្រមូលបានក្នុងរយៈពេលដូចគ្នា ឆ្នាំ២០១៩ ឃើញថាកើនឡើងចំនួន ៤២៣.២០ ប៊ីលានរៀល (ប្រមាណជា ១០៤,៤៩ លានដុល្លារអាមេរិក) ស្មើនឹង ៣.៧៣% ទោះក្នុងស្ថានភាពសេដ្ឋកិច្ចសាកល ក៏ដូចជាសេដ្ឋកិច្ចកម្ពុជាមិនទាន់មានភាពប្រាកដប្រជា ជាពិសេស មានការទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរពីការរីករាលដាលនៃជំងឺកូវីដ-១៩។


ការអោយដឹងបែបនេះ ធ្វើឡើងនៅក្នុង កិច្ចប្រជុំបូកសរុបលទ្ធផល ប្រមូលចំណូលពន្ធប្រចាំខែធ្នូ និងប្រចាំឆ្នាំ២០២០ ព្រមទាំងលទ្ធផលការងារសំខាន់ៗ សម្រេចបានក្នុងឆ្នាំ២០២០ និងវិធានការសំខាន់ៗសម្រាប់អនុវត្តបន្តក្នុងឆ្នាំ ២០២១ របស់អគ្គនាយកដ្ឋានពន្ធដារ ក្រោមអធិបតីភាពរបស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១។


លោក គង់ វិបុល បានបញ្ជាក់ថា លទ្ធផលជាទីមោទនៈនេះ គឺមិនអាចកាត់ផ្តាច់ចេញពី ការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាពិសេសការគ្រប់គ្រងស្ថានការណ៍នៃជំងឺកូវីដ-១៩ បានពេញលេញនិងមានប្រសិទ្ធិភាពខ្ពស់ក្នុងឆ្នាំ២០២០ កន្លងមក និងក្រោមការដឹកនាំចង្អុលបង្ហាញប្រកបដោយភាពឈ្លាសវៃ និងការដាក់ផែនការយ៉ាងមុតស្រួចរបស់ អគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។


ជាមួយគ្នានេះ សម្រាប់ឆ្នាំ ២០២១នេះ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានគាំទ្រលើវិធានការដែលបានដាក់ចេញ របស់អគ្គនាយកដ្ឋានពន្ធដារ និងបានផ្តល់អនុសាសន៍សំខាន់ៗ ជាទិសដៅអនុវត្តបន្តដូចខាងក្រោម៖

-ត្រូវយកចិត្តទុកដាក់ ពិនិត្យ និងសិក្សាលើលទ្ធភាពនៃការប្រមូលចំណូលដែលមានសក្តានុពលផ្សេងទៀត ដោយគិតគូរទាំងទិដ្ឋភាពចំណូលសារពើពន្ធ និងមិនមែនសារពើពន្ធ ដើម្បីធានាបាននូវអនុលោមភាពសារពើពន្ធ និងការប្រមូលចំណូលឱ្យបានគ្រប់ជ្រុងជ្រោយ ក្នុងនោះប្រភពចំណូលពីវិស័យ E-Commerce, វិស័យប្រេងកាតដែលជាសក្តានុពលថ្មី, វិស័យធនធនរ៉ែ ព្រមទាំងវិស័យដែលមានសក្តានុពលមួយចំនួនទៀត៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ