ភ្នំពេញ ៖ គិតត្រឹមថ្ងៃទី១២ មករា គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ៣៨ខ្សែ ក្នុងក្រុងសៀមរាប សម្រេចបាន ១៤.២៧% ដែលរួមបញ្ចូលការងារសាងសង់រួច និងសម្ភារៈបញ្ជូនដល់ការដ្ឋាន។

សូមជម្រាបថា នេះជាខ្លឹមសារ នៃកិច្ចប្រជុំចង្អៀត ដើម្បីពិភាក្សាលទ្ធផលការងារអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប ក្រោមអធិបតីភាព សម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន គណៈកម្មការអន្តរក្រសួង នាថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ នៅទីស្តីការគណ:រដ្ឋមន្ត្រី ដោយមានការចូលរួមពី លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាអនុប្រធានគណៈកម្មការអន្តរក្រសួង លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការអន្តរក្រសួង ព្រមទាំងមន្ត្រីជាន់ខ្ពស់ពាក់ព័ន្ធ។

ជាជំហានបន្ទាប់ គណៈកម្មការអន្តរក្រសួង នឹងធ្វើការបន្តការត្រួតពិនិត្យតាមដានការងារ ព្រមទាំងធ្វើការដោះស្រាយកែតម្រូវចំណុចខ្វះចន្លោះ ដើម្បីធានាថា ការស្ថាបនា នឹងពិតជាមានគុណភាពតាមបទដ្ឋាបច្ចេកទេសផ្លូវថ្នល់ និងសៀវភៅបន្ទុក ព្រមទាំងជំរុញដោះស្រាយនូវផលប៉ះពាល់ដែលនៅសេសសល់មួយចំនួនតូចឱ្យបានចង់សព្វគ្រប់។

សូមរំលឹកថា គម្រោងកែលម្អហេដ្ឋារចនា សម្ព័ន្ធផ្លូវចំនួន៣៨ខ្សែ ក្នុងក្រុងសៀមរាប មានប្រវែងសរុប១០៨,៧៤ គីឡូម៉ែត្រ គ្រោងប្រើប្រាស់ថវិកាជាតិ សរុបប្រមាណជាង ១៤០ លានដុល្លារ អាមេរិក និងថវិកា ប្រមាណជាង ៩លានដុល្លារអាមេរិកទៀត សម្រាប់ការងារចាំបាច់ ក្នុងការរៀបចំ ស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ ដែលនៅក្រៅគម្រោង សាងសង់ខ្សែផ្លូវទាំង៣៨នេះ ដោយប្រើប្រាស់រយៈ ពេលសាងសង់ចំនួន ១៣ខែ គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២១ ត្រូវបានសម្ពោធបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមអធិបតីភាព របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីពេលថ្មីៗនេះ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ