ភ្នំពេញ ៖ នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ កម្ពុជា ដាក់ឱ្យដំណើរការច្រកទ្វារព្រំដែនអន្តរជាតិ ម៉ឺនជ័យ-តិនណាម ជាបណ្ដោះអាសន្ន ត្រឹមកម្រិតថ្នាក់ខេត្ត នៃខេត្តព្រៃវែង (កម្ពុជា) និងខេត្តតៃនិញ (វៀតណាម)។
ការដាក់ឱ្យដំណើរការច្រកទ្វារព្រំដែនអន្តរជាតិ ម៉ឺនជ័យ-តិនណាម ក្រោមអធិបតីភាព លោក ជា សុមេធី អភិបាលខេត្ត ព្រៃវែង លោក សួស ប្រាថ្នា អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ ពិន ពិសិដ្ឋ អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ។
នាឱកាសនោះ លោក អភិបាលខេត្ត បានលើកឡើងថា ការតម្លើងកម្រិតច្រកទ្វារព្រំដែន កម្ពុជា-វៀតណាមនេះ ដើម្បី បង្ករភាពងាយស្រួល និងលើកកម្ពស់ដល់ការធ្វើដំណើរចេញចូលឆ្លងកាត់ព្រំដែន និងការផ្លាស់ប្តូរទំនិញកសិផល នៅតំបន់ព្រំដែន ក៏ដូចជា ការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដើម្បីទាក់ទាញវិនិយោគិនក្នុង និងក្រៅតំបន់ ជាពិសេស រវាងប្រជាពលរដ្ឋខេត្តព្រៃវែង និងប្រជាពលរដ្ឋខេត្តតៃនិញ កាន់តែល្អប្រសើរ និងពង្រឹងជំរុញកិច្ចសហប្រតិបត្តិ ការលើការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ឱ្យមានប្រសិទ្ធភាព។
ជាងនេះទៅទៀត លោក ក៏ផ្ដាំផ្ញើទៅដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ និងប្រជាពលរដ្ឋគ្រប់រូប ត្រូវថែរក្សាសុខភាព ដើម្បីចៀសវាងការឆ្លងជំងឺកូវីដ-១៩ ជាពិសេស ត្រូវពាក់ម៉ាស់ជាប់ជានិច្ច លាងដៃឱ្យបានញឹកញាប់ រក្សាគម្លាតសុវត្ថិភាព ហើយត្រូវស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីការពារខ្លួនឱ្យបានខ្ជាប់ខ្ជួនគ្រប់ពេលវេលា៕EB