ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឆ្លើយតបវិញថា សំណើសុំ ទាំង៣ចំណុច មិនអាចដោះស្រាយតាមសំណូមពរបានឡើយ ដោយហេតុថា ផ្ទុយនឹងបទប្បញ្ញត្តិច្បាប់របស់កម្ពុជា។ 

កាលពីថ្ងៃទី២០ កក្កដា ម្ចាស់រថយន្តធុនធ្ងន់ ឬអ្នកបើកបររថយន្តធុនធ្ងន់ ប្រមូលផ្តុំគ្នាតវ៉ា នៅទីតាំងផ្លូវក្រវ៉ាត់ក្រុងទី២ ព្រំ ប្រទល់រាជធានីភ្នំពេញ-ខេត្តកណ្តាល រួមទាំងដាក់សំណើសុំមក គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈ កម្មាធិការដឹកនាំត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដូចជា ៖ ទី១-ស្នើសុំដំឡើងទម្ងន់ ឬដឹកជញ្ជូនលើសទម្ងន់ក្នុងចន្លោះចាប់ពី ៩តោន ទៅ ១៥តោន តាមប្រភេទរថយន្ត ធុនធ្ងន់ បន្ថែមពីលើទម្ងន់ នៃច្បាប់បានកំណត់ ,ទី២-ស្នើសុំត្រឹមផាកពិន័យ ដោយមិនចាំបាច់ឃាត់ទុករថយន្ត ១ឆ្នាំ ក្នុងករណីផ្ទុកទម្ងន់លើសពី ២០ភាគរយ ឡើងទៅ និងទី៣-ស្នើសុំផ្ដល់រថយន្តដែលបានឃាត់ទុកកន្លងឱ្យមកម្ចាស់ក្រុមហ៊ុនឬម្ចាស់រថយន្តវិញ ដោយគ្រាន់តែធ្វើការ ផាកពិន័យ និងមិនចាំបាច់ឃាត់ទុករថយន្តបន្តទៀត។


យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងសាធារណការ នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ ក្រសួង បានបញ្ជាក់ថា «សំណើសុំ ទាំង៣ចំណុច ខាងលើនេះ មិនអាចដោះស្រាយតាមសំណូមពរបានឡើយ ដោយហេតុថា ផ្ទុយនឹងបទប្បញ្ញត្តិ ដូចមាន ចែងក្នុង មាត្រា២៦ និង មាត្រា៦០ នៃច្បាប់ស្តីពីផ្លូវថ្នល់ និងលិខិតបទដ្ឋានគតិយុត្ត ជាធរមាន»។


ក្រសួង ណែនាំដល់ ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ ឬអ្នកបើកបររថយន្ត ធុនធ្ងន់ គួរតែចូលរួមសហការ អនុវត្តវិធានការច្បាប់ទាំងអស់គ្នា ដើម្បីធានាការពារទ្រព្យសម្បត្តិសាធារណៈ ផ្លូវថ្នល់ ស្ពាន និងសំណង់សិល្បការ្យផ្លូវ ឱ្យស្ថិតស្ថេរ គង់វង្ស និងជាប់រឹងមាំតាមអាយុកាលបច្ចេកទេសកំណត់ ស្របតាមកម្រិត ស្តង់ដានៃការសាងសង់ ហើយក៏អាចចូលរួមចំណែកកាត់បន្ថយការចំណាយថវិកាជាតិលើការជួសជុលថែទាំហេដ្ឋារចនា សម្ព័ន្ធផ្លូវថ្នល់ដែលខូចខាតដោយសារការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់។


ក្រសួង បន្ថែមថា កន្លងមក គណៈកម្មាធិការដឹកនាំ ការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ បានធ្វើការផ្សព្វផ្សាយ អប់រំណែនាំ ច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងទុកពេលវេលាសមស្រប មុននឹងដាក់ចេញនូវវិធានការតឹងរឹងតាមបទប្បញ្ញត្តិច្បាប់ ជាធរមានផងដែរ ។ មួយវិញទៀត យោងអនុសាសន៍របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ការប្រកបមុខរបរទទួលទាន ក៏ដូចជា ការបំពេញការងារតាមវិជ្ជាជីវៈរបស់ប្រជាពលរដ្ឋ ប្រកបដោយការយកចិត្តទុកដាក់ និងការទទួលខុសត្រូវ គឺជាការតបស្នងដ៏សំខាន់ដល់សង្គមជាតិ ដែលកំពុងមានសន្តិភាព និងការរីកចំរើន។

ជាងនេះទៅទៀត ក្រសួងសាធារណការ សង្ឃឹមជឿជាក់ថា ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ ឬអ្នកបើកបរ និងសាធារណជនទាំងអស់មេត្តាជ្រាបជាព័ត៌មាន និងចូលរួមអនុវត្តច្បាបឱ្យបានត្រឹមត្រូវ តម្លាភាព សុច្ចរិតភាព និងប្រកបដោយស្មារតីទទួលខុសត្រូវទាំងអស់គ្នា៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ