ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានឲ្យដឹងថា សំលាល់ថ្មពិល មានសារធាតុកម្រិតពុលខ្លាំង ដូចជា បារត កាត់ម៉្ញូម នីកែល និងសំណ និងបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពរបស់មនុស្ស ហើយអ្នកប្រើប្រាស់រួច ត្រូវយកទុកដាក់ឲ្យបានត្រឹមត្រូវ ។
តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ ក្រសួងបរិស្ថាន បានបញ្ជាក់ថា «សំណល់ថ្មពិល ត្រូវបានចាត់ទុក ជាសំណល់គ្រោះថ្នាក់ដោយសំណល់នេះ មានផ្ទុកទៅដោយសារធាតុគ្រោះថ្នាក់ ដែលមានកម្រិតពុលខ្លាំង ដូចជា បារត កាត់ម៉្ញូម នីកែល និងសំណ។ ដូចនេះ ការទុកដាក់ ឬបោះចោលសំណល់ថ្មពិល មិនបានត្រឹមត្រូវនឹងបង្កឲ្យមានការសាយភាយសារគ្រោះថ្នាក់ចូលទៅក្នុងបរិស្ថាន និងបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពមនុស្ស»។
ក្រសួង រៀបរាប់ថា ការបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពមនុស្ស ដូចជា ៖ បង្កឲ្យខូចតម្រងនោម ធ្វើឲ្យថយចុះសារធាតុចិញ្ចឹមក្នុងឆ្អឹង ,បង្កឲ្យខូចប្រព័ន្ធប្រសាត ខូចចលនាសាច់ដុំ បាត់បង់ការចងចាំ ,បង្កឲ្យកើតជំងឺមហារីក ខូចប្រព័ន្ធភាពស៊ាំ បំផ្លាញកោសិកា ,បង្កការរលូតគភ៌ ធ្វើឲ្យទារកកើតមិនមានភាពប្រក្រតី និងបង្កវិរូបកាយទារកដែលទើបកកើតក្នុងផ្ទៃ ឬទារកក្នុងផ្ទៃ។
ក្រសួង បន្ដថា ដើម្បីទប់ស្កាត់ការសាយភាយសារធាតុគ្រោះថ្នាក់ចូលទៅក្នុងបរិស្ថាន និងការពារសុខភាពមនុស្ស ពីផលប៉ះពាល់ ក្រសួងបរិស្ថា នបានកំពុងអនុវត្តគម្រោងប្រមូលសំណល់ថ្មពិល ដោយការដាក់ធុងសំណល់ថ្មពិល នៅតាមទីតាំងបុរី ផ្សារទំនើប ស្ថានីយ៍ប្រេងឥន្ធនៈ។
ជាងនេះទៅទៀត ក្រសួងបរិស្ថាន នឹងបន្តដាក់ធុងសំណល់ថ្មពិល នៅតាមទីតាំងផ្សេងទៀត ដើម្បីបង្កភាពងាយស្រួល ដល់ប្រជាពលរដ្ឋ ក្នុងយកសំណល់ថ្មពិលមកទុកដាក់បានត្រឹមត្រូវ និងលុបបំបាត់ការបោះសំណល់ថ្មពិលលាយលំ ជាមួយសំណល់ធម្មតា ប្រមូលសំណល់ថ្មពិលយកមកទុកដាក់អោយបានត្រឹមត្រូវ៕EB