ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងប្រាប់ប្រជាពលរដ្ឋ និងនិស្សិត ដែលរស់នៅប្រទេសអ៊ីស្រាអែល ត្រូវជឿជាក់ទៅលើសមត្ថភាពអាជ្ញាធរនៅទីនោះ ក្នុងការធានាសុវត្ថិភាព ជូនប្រជាពលរដ្ឋអ៊ីស្រាអែល និងជនបរទេស។

តាមរយៈសារសំឡេង នារសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា ក្នុងចំណោមពលរដ្ឋ និងនិស្សិត ៤៥៤នាក់ រស់នៅអ៊ីស្រាអែល មាន ៣២៣នាក់ បានចល័តមកទីតាំងមានសុវត្ថិភាព ខណៈ ១៣០នាក់ទៀត កំពុងរស់នៅទីតាំងមានហានិភ័យនៅឡើយ។ សម្ដេច ថា ស្ថាប័នជាតិរបស់កម្ពុជា ក៏បានបន្ដតាមដានជាប់ជានិច្ចចំពោះបញ្ហា នៅអ៊ីស្រាអែល។

សម្ដេចធិបតី គូសបញ្ជាក់ថា «ខ្ញុំ សូមអំពាវនាវឲ្យបងប្អូនខ្មែរយើង នៅប្រទេសអ៊ីស្រាអែល ជាពិសេស ប្អូនៗ ក្មួយៗ និស្សិតបន្ដយកចិត្តទុកដាក់ ក្នុងថែរក្សាសុវត្ថិភាពផ្ទាល់ខ្លួន និងគោរពឲ្យបានម៉ឺងម៉ាត់ចំពោះរាល់ការណែនាំ របស់អាជ្ញាធរអ៊ីស្រាអែល»។

សម្ដេចធិបតី បន្ដថា «សូមបងប្អូនរក្សាភាពស្ងៀមស្ងាត់ និងជឿជាក់ទៅលើសមត្ថភាពអាជ្ញាធរអ៊ីស្រាអែល ដែលជាម្ចាស់ផ្ទះ ក្នុងការធានាសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងអស់ រួមមាន ប្រជាពលរដ្ឋអ៊ីស្រាអែល និងគ្រប់ជនជាតិ ដែលរស់នៅលើទឹកដីអ៊ីស្រាអែល រួមទាំងបងប្អូនខ្មែរយើងផងដែរ»។

សម្ដេច នាយករដ្ឋមន្ដ្រី បានឲ្យដឹងទៀតថា រដ្ឋាភិបាលអ៊ីស្រាអែល ក៏បានបញ្ជាក់ជូនបណ្ដាប្រទេស ដែលមានប្រជាពលរដ្ឋរស់នៅអ៊ីស្រាអែល ថា អ៊ីស្រាអែល មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការធានាសុវត្ថិភាពជូនប្រជាពលរដ្ឋគ្រប់រូប។ រដ្ឋាភិបាល នឹងជួយបរទេស ដូចជនជាតិអ៊ីស្រាអែល ផងដែរ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ