កូនស្វាកន្ទុយ ស ត្រូវបានប្រជាពលរដ្ឋស្ម័គ្រចិត្ត ប្រគល់ជូនក្រសួងបរិស្ថាន ដើម្បីការពារ និងអភិរក្ស
ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន ដែលទទួលកូនសត្វស្វាកន្ទុយ ស ដោយផ្ទាល់ពីប្រជាពល រដ្ឋអំឡុងបំពេញបេសកកម្ម លើទឹកដីខេត្តមណ្ឌលគិរី នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ បានថ្លែង អំណរគុណដល់ពល រដ្ឋ ដែលស្ម័គ្រចិត្តប្រគល់កូនសត្វស្វាកន្ទុយ ស និងអំពាវនាវដល់ពលរដ្ឋមួយចំនួនតូច ដែលកំពុងលួចលាក់ចិញ្ចឹមសត្វ ព្រៃប្រភេទកម្រនៅតាមផ្ទះ ប្រគល់ជូនក្រុមអ្នកអភិរក្ស ព្រោះសត្វព្រៃត្រូវតែរស់ក្នុងព្រៃ ហើយយកសត្វព្រៃកម្រមក ចិញ្ចឹម គឺខុសច្បាប់។
តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ ក្រសួងបរិស្ថាន នៅថ្ងៃទី២៨ មករា នេះ កូនស្វាកន្ទុយ ស ឈ្មោលមួយក្បាល ដែលមានអាយុប្រមាណ២ខែនេះ នឹងត្រូវថែរក្សាការពារ និងចិញ្ចឹមដោយក្រុមអភិរក្ស ដើម្បីឲ្យសត្វស្វាមួយក្បាលនេះមានសុខភាពល្អ ចេះគ្រប់គ្រងខ្លួនឯង មុននឹងយកទៅព្រលែងចូលក្នុង ព្រៃធម្មជាតិវិញ។
លោកបន្ដថា នៅឆ្នាំ ២០២០ កូនស្វាកន្ទុយសចំនួន ២ ក្បាលត្រូវបានពលរដ្ឋប្រគល់ជូនសមត្ថកិច្ចអនុវត្តច្បាប់ខេត្តមណ្ឌលគិរី និងបានកំពុងថែរក្សាដោយក្រុមអ្នកអភិរក្ស។ លោកបានសង្កត់ធ្ងន់ថា ពលរដ្ឋមួយចំនួនតូចដែលនៅតែយាយីសត្វព្រៃ ត្រូវបញ្ឈប់សកម្មភាពចាប់សត្វព្រៃ បរបាញ់សត្វ និងដាក់អន្ទាក់ចាប់សត្វព្រៃ និងបញ្ឈប់ការយកសត្វកម្រមកចិញ្ចឹម បើពុំនោះទេ នឹងត្រូវប្រឈមមុខច្បាប់។
លោកបន្ថែមថា តាមការសិក្សារបស់មន្ត្រីជំនាញផ្នែកសត្វព្រៃ សត្វស្វាកន្ទុយសជាប្រភេទសត្វកម្រជិតផុតពូជបំផុតនៅលើពិភពលោក។ គេមិនមានរបាយការណ៍សត្វស្វាកន្ទុយសសរុបនៅលើពិភពលោកទេ ប៉ុន្តែមានមិននៅសេសល់ច្រើននោះឡើយ។ តាមទិន្នន័យ ស្វាកន្ទុយសនៅកម្ពុជាបច្ចុប្បន្នមានចំនួនប្រមាណជាង ២ ម៉ឺនក្បាល ហើយវត្តមានរបស់សត្វកន្ទុយសនេះច្រើនជាងគេគឺនៅក្នុងដែនជម្រកសត្វព្រៃកែវសីម៉ា ក្នុងខេត្តមណ្ឌលគិរីដែលតាមការសិក្សាមានចំនួន ៦.៧៥៦ក្រុម។ ឯកឧត្តមបានថ្លែងថា ដោយមានការអភុរក្សបានល្អ និងការអនុវត្តច្បាប់តឹងរ៉ឹង ក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ ចំនួនសត្វស្វាកន្ទុយសនៅក្នុងដែនជម្រកសត្វព្រៃកែវសីម៉ាមាន ស្ថេរភាព។ ក្រៅពីស្វាកន្ទុយស កម្ពុជាមានប្រភេទពានរដែលជិតផុតពូជផ្សេងទៀយលើពិភពលោកដូចជា ទោចថ្ពាល់លឿង ស្វាអង្កត់ ស្វាព្រាម ស្វាក្តាម ជាដើម។
ជាងនេះទៅទៀត លោក រដ្ឋលេខាធិការក្រសួងបរិស្ថាន បានឲ្យដឹងថា ក្នុងកិច្ចខិតខំប្រឹងប្រែង អភិរក្សសត្វព្រៃ ក្រសួងបរិស្ថាន និងអង្គការដៃគូ រួមនឹងសហគមន៍តំបន់ការពារធម្មជាតិបានអប់រំពលរដ្ឋកុំបរិភោគសាច់សត្វព្រៃ និងចុះទប់ស្កាត់ បង្ក្រាបបទល្មើសសត្វព្រៃ និងការដោះអន្ទាក់ចេញពីក្នុងតំបន់ការពរធម្មជាតិ។ លោកថា អន្ទាក់គឺជាឃាតកលាក់មុខសម្លាប់សត្វព្រៃ ហើយនៅឆ្នាំ២០២០ កន្លងទៅ អន្ទាក់គ្រប់ប្រភេទប្រមាណ ៥ ម៉ឺនអន្ទាក់ត្រូវដោះចេញពីក្នុងតំបន់ការពារធម្មជាតិ និងជួយសង្គ្រោះជីវិតសត្វព្រៃជាច្រើនក្បាល៕EB