ភ្នំពេញ ៖ ក្រោយពីខេត្តសាមុតសាខន ប្រទេសថៃ កំពុងផ្ទុះជំងឺកូវីដ១៩សារជាថ្មី នោះ សម្ដេចតេជោ ហ៊ុន សែន នាយ ករដ្ឋមន្ដ្រីនៃកម្ពុជា បានផ្ដាំផ្ញើទៅដល់ កម្មករ-កម្មការិនីខ្មែរ ដែលកំពុងធ្វើការងារនៅប្រទេសថៃ កុំមានការរត់ចេញពីថៃ ឡើយ ដោយបន្ដធ្វើការងារ និងរស់នៅជាធម្មតា ជាពិសេស កុំមានការភ័យខ្លាចក្នុងស្ថានភាពបែបនេះ។
តាមរយៈសារសំឡេងរបស់ សម្ដេចតេជោ ហ៊ុន សែន នៅយប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ បានថ្លែងថា គិតរហូតមកដល់ ពេលនេះ ខេត្តសាមុតសាខន មានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន៥៧៦នាក់។សម្ដេចថា ការឆ្លងបែបនេះមិនមានសភាព ធ្ងន់ធ្ងរឡើយ បើប្រៀបធៀបជាមួយប្រជាជន មានជាង៦០លាននាក់។
សម្ដេចតេជោ បន្ដថា ប៉ុន្ដែការឆ្លងបែបនេះមានការភ័យខ្លាចពីកម្មករខ្មែរ ដែលធ្វើការនៅប្រទេសថៃ។សម្ដេចអំពាវនាវ ឲ្យពលករខ្មែរធ្វើការនៅប្រទេសថៃ ត្រូវមានការទុកចិត្តពី រាជរដ្ឋាភិបាលថៃ ដែលកំពុងគ្រប់គ្រងស្ថានភាពបែបនេះ។
សម្ដេចតេជោ មានប្រសាសន៍ថា «សង្ឃឹមថា បងប្អូនកម្មករ កម្មការិនីរបស់យើងដែលធ្វើការនៅក្នុងប្រទេសថៃជឿទុក ចិត្តទៅលើសមត្ថភាពនៃការដោះស្រាយរបស់រាជរដ្ឋាភិបាលថៃ សមត្ថកិច្ចពាក់ព័ន្ធរបស់ថៃ ដែលធ្វើការនៅទីនោះ មិនគួររត់ចាកចេញពីប្រទេសថៃ ក្នុងពេលដែលថៃមានការលំបាក។ ដូចដែលខ្ញុំព្រះករុណាខ្ញុំធ្លាប់បាននិយាយហើយថា ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក»។
សម្តេចតេជោ បន្តថា «ដូច្នេះយើងគួរតែឋិតនៅទីនោះ ម្ខាងគឺដើម្បីរក្សានូវការពារខ្លួននៅនឹងកន្លែង ដោយមានការការ ពារជាចាំបាច់ពី សំណាក់រាជរដ្ឋាភិបាលថៃ ផ្តល់នូវលទ្ធភាពក្នុងការការពារខ្លួន និងមួយផ្នែកទៀតជៀសវាងនូវការវិល ត្រឡប់ដែលនឹងនាំមកដល់នូវការនាំចូលប្រសិនបើមាន អាចនាំចូលមកកាន់កម្ពុជារបស់យើង។ នេះជាការអំពាវនាវ ទៅដល់បងប្អូនពលករដែលកំពុងរស់នៅក្នុងប្រទេសថៃ»។
សម្ដេចតេជោ បានអំពាវនាវបន្ថែមទៀតថា ឪពុក-ម្ដាយ ដែលមានកូនធ្វើការងារនៅប្រទេសថៃ ត្រូវលើកទឹកចិត្តឲ្យពួ កគាត់ខិតខំធ្វើការងារបន្ថែមទៀត កុំឲ្យត្រឡប់មកផ្ទះក្នុងស្ថានភាពបែបនេះ ជាពិសេស ត្រូវធ្វើយ៉ាងរក្សាឲ្យបានការងារ ធ្វើនៅទីនោះ។សម្ដេច សង្ឃឹមថា កម្មករ-កម្មការិនី នឹងបន្ដធ្វើការជាមួយប្រជាជនថៃ។ដូច្នេះ កុំចូលប្រទេសកម្ពុជា មួយ រយៈពេលសិន ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍៕EB