ភ្នំពេញ ៖ ក្រុមចោរប្លន់ប្រដាប់អាវុធដែលបានធ្វើសកម្មភាពប្លន់អ្នកលក់មាស នៅចំណុចក្រោយផ្សារស្ទឹងមានជ័យចាស់ ផ្លូវលំ ភូមិថ្មី សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣កន្លងទៅនោះ ត្រូវបានកម្លាំងនគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, ខេត្តកណ្ដាល, កំពង់ចាម និងខេត្តកំពង់ស្ពឺ ស្រាវជ្រាវចាប់ខ្លួនបានជាបន្ដបន្ទាប់សរុបចំនួន៨នាក់។

លោកឧត្តមសេនីយ៍ត្រី សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣នេះថា បន្ទាប់ពីចាប់ខ្លួនកម្លាំងជំនាញបានបង្ហាញ មុខជនសង្ស័យទាំង៨នាក់ ជាសាធារណៈនៅថ្ងៃនេះ មុនបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ។

ប្រតិបត្តិការនេះ ធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។

លោកបញ្ជាក់ទៀតថា បន្ទាប់ពីស្រាវជ្រាវ នៅថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនជន សង្ស័យចំនួន៨នាក់ ជាបន្តបន្ទាប់ នៅរាជធានីភ្នំពេញ, ខេត្តកណ្តាល, ខេត្តកំពង់ស្ពឺ និងខេត្តកំពង់ចាម ពាក់ព័ន្ធករណីខាងលើ ចាប់យកវត្ថុតាងអាវុធខ្លីជាមធ្យោបាយធ្វើសកម្មភាព និងភស្តុតាងជាគ្រឿងអលង្ការមួយចំនួនរបស់ ជនរងគ្រោះបញ្ជូនមកការិយាល័យដើម្បីចាត់ការតាមនីតិវិធី៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ