ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣នេះ បានបញ្ជាឱ្យបញ្ចេញរថយន្តក្រុងសាធារណៈប្រមាណជាង៣០០គ្រឿង ដើម្បីសម្រួលលើការដឹកជញ្ជូនកម្មករកម្មការិនីទៅបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ នៅតាមបណ្តាខេត្ត ខាងមុខនេះ។

បើតាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន បានផ្តោតសំខាន់លើ ២ចំណុច រួមមាន៖ ទី១៖ ការដឹកជញ្ជូននេះ មិនរើសអើងអ្នកគាំទ្រគណបក្សនយោបាយណាមួយនោះទេ ដូច្នេះមិនមែនជាការទិញដូរសន្លឹកឆ្នោតឡើយ យើងដឹងគ្រប់និន្នាការនយោបាយ។ ទី២៖ សម្តេចតេជោ បានស្នើឲ្យរៀបចំចំនួនរថយន្តឲ្យបានច្បាស់ ថាខេត្តណាតម្រូវការប៉ុន្មាន។

ជាមួយគ្នានេះ ការដឹកជញ្ជូននេះទៀតសោតគ្មានយកថ្លៃនោះទេ ដូច្នេះសម្តេចតេជោ ហ៊ុន សែន ក៏បានស្នើសាលារាជធានីភ្នំពេញ រៀបចំឲ្យមានអ្នកបើកបរ ឲ្យបានត្រឹមត្រូវ យកចិត្តទុកដាក់លើសុខុមាលភាពកម្មករកម្មការិនី។ សម្តេចតេជោ សង្ឃឹមថា យន្តការនេះនឹងជួយកាត់បន្ថយដល់ការចំណាយរបស់កម្មករកម្មការិនី ដែលត្រូវធ្វើដំណើរទៅបោះឆ្នោត។

សូមជម្រាបថា កម្មករនិយោជិត នឹងត្រូវបានឲ្យឈប់សម្រាក ៣ថ្ងៃ ចាប់ពីថ្ងៃទី ២២ដល់២៤ ខែកក្កដា ឆ្នាំ២០២៣ ដោយមានប្រាក់បៀវត្ស ដើម្បីទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧។

សម្តេចតេជោ ហ៊ុន សែន បានសង្ឃឹមដែរថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងរដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំការដឹកជញ្ជូនទៅវិញទៅមកនេះ ដល់កម្មករនិយោជិត ឲ្យបានល្អប្រសើរបំផុត៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ