ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា សំណុំរឿងនៅតុលាការដែលពិបាកដោះស្រាយ និងឈឺក្បាលបំផុតនោះ គឺសំណុំរឿងនៅក្នុងក្រុមគ្រួសារមានទំនាស់នឹងគ្នា ដោយរឿងខ្លះកូនប្ដឹងទារយកដីពីម្ដាយ ឬម្ដាយឪពុកប្ដឹងយកដីពីកូន។    

ការលើកឡើងរបស់ សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគារថ្មី នៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា និងពិធីប្រគល់សញ្ញាបត្រជូនដល់សិស្សចៅក្រម  សិស្សក្រឡាបញ្ជី សិស្សអាជ្ញាសាលា និងសិស្សសារការី នៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជាចំនួន១,៨៣៥នាក់ នាព្រឹកថ្ងៃទី ៦ ខែមិថុនា ឆ្នាំ ២០២៣នេះ។

សម្ដេចតេជោ បញ្ជាក់ថា «រឿងដែលគួរឲ្យឈឺក្បាលបំផុត គឺរឿងក្រុមគ្រួសារខ្លួនឯងវាទាស់គ្នា ឥឡូវហ្នឹងចុះផ្សាយព្រោងព្រាតកើតឡើង រួចហើយពេលខ្លះបង្ហោះហ្វេសប៊ុក ឥឡូវលែងចង់បង្ហោះហើយ បង្ហោះទៅទីមួយចេញមកសម្ដេចសង្ហាណាស់ អាពាក្យសង្ហាណាស់ហ្នឹងចង់ភ័យឥឡូវៗ ប៉ុន្តែមានច្រើនណាស់ ហើយរឿងហ្នឹងដល់មើលទៅរឿងជម្លោះកូនទៅប្ដឹងទារយកដីពីម្ដាយ ឬម្ដាយឪពុកមកប្ដឹងយកដីពីកូន»។

ត្រង់ចំណុចនេះ សម្ដេចតេជោ ហ៊ុន សែន លើកឡើងថា គ្រាន់តែនៅក្នុងក្រុមគ្រួសារមួយ មិនមានការស្រុះស្រួលគ្នាទៅហើយ បែរមកអំពាវនាវឲ្យនាយករដ្ឋមន្ត្រីទៅកាត់ក្ដីឲ្យទៅវិញ។ សម្ដេចតេជោ ហ៊ុន សែន បានលើកទឹកចិត្តឲ្យដោះស្រាយបញ្ហាមួយចំនួន នៅក្រៅប្រព័ន្ធតុលាការ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ