សត្វផ្សោតឈ្មោលទម្ងន់ជិត ១០០គីឡូក្រាម មួយក្បាល ត្រូវប្រទះឃើញងាប់ដោយសារជាប់មង នៅស្រុកចិត្របុរី
ក្រចេះ ៖ សាកសពសត្វផ្សោតពេញវ័យមួយក្បាលទម្ងន់ជិត ១០០គីឡូក្រាម ត្រូវបានប្រទះឃើញងាប់កាលពីទី១៤ ខែមករាឆ្នាំ២០២១ ដោយជាប់មងក្រឡា១៥សង់ទីម៉ែត្រ ប្រវែងប្រមាណជា៦០ម៉ែត្រ ដែលជនល្មើសបានលួចដាក់បង្កប់ក្នុងទឹកជ្រៅនៅត្រង់ចំនុចកាំងប្រហុកស្ថិតនៅក្នុងអន្លង់ផ្សោតកាំពី ក្នុងភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។
យោងតាមរបាយការណ៍អង្គការ WWF ប្រចាំខេត្តក្រចេះ បានបញ្ជាក់ថា លោក មួង ដា ជាអ្នកបើកទូកជូនភ្ញៀវទេសចរណ៍មើលសត្វផ្សោតនៅរម្មណីយដ្ឋានអន្លង់ផ្សោតកាំពី ដែលរស់នៅភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ ជាអ្នកប្រទះឃើញ។ លោកក៏បានរាយការណ៍ជូនមកលោក គឹម គី និងលោក ស្រី ស៊ីថា ជាមន្ត្រីប៉ូលីសទេសចរណ៍ប្រចាំនៅរមណីយដ្ឋានអន្លង់ផ្សោតកាំពី។
ក្រោយពីបានព័ត៌មាននេះភ្លាមលោក គឹម គី និងក្រុមអ្នកបើកទូកជូនភ្ញៀវទេសចរណ៍ក៏បានចុះ ទៅត្រួតពិនិត្យសាកសពសត្វផ្សោតនោះភ្លាមៗ និងបានកាត់សាច់មងដែលរុំជាប់ខ្លួនផ្សោត រួចបាននាំយកសាកសពផ្សោតមកប្រ គល់ជូនក្រុមការងារឆ្មាំទន្លេ ប្រចាំប៉ុស្តិ៍កាំពី។
បន្ទាប់មកក្រុមការងារឆ្មាំទន្លេក៏បានរាយការណ៍ជូនមកលោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ និងជាប្រធានឆ្មាំទន្លេប្រចាំខេត្តក្រចេះ ហើយបាននាំយកសាកសពសត្វផ្សោតនោះមកកាន់ទីរួមខេត្តក្រចេះ ពេលនោះលោកក៏បានចាត់មន្រ្តីជំនាញ ជានាយរងខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ និងជាមន្រ្តីសហការជាមួយអង្គការ WWF ប្រចាំខេត្តក្រចេះ រួមជាមួយមន្រ្តីផ្នែកស្រាវជ្រាវនៃអង្គការ WWF ប្រចាំខេត្តក្រចេះ ចុះទៅពិនិត្យ និងទទួលយកសាកសពសត្វផ្សោតនោះនៅចំណុចផែលើខេត្តក្រចេះ នាល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១។
តាមការត្រួតពិនិត្យជាក់ស្តែងរបស់ក្រុមការងារឃើញថា សាកសពសត្វផ្សោតមានសភាពហើម រលាត់ស្បែកមួយចំនួន និងមានមងក្រឡាទំហំ១៥សង់ទីម៉ែត្ររុំជាប់នៅគល់កន្ទុយ និងលើដងខ្លួនទាំងមូលរបស់សាកសពសត្វផ្សោត។
ក្រោយពីបានធ្វើការពិនិត្យសាកសពសត្វផ្សោតរួចរាល់ក្រុមការងារក៏បានសន្និដ្ឋានថាសត្វផ្សោតនេះបានស្លាប់ដោយសារ ការជាប់ទៅនឹងមងនេសាទ វាជាផ្សោតពេញវ័យដែលរស់នៅអន្លង់ផ្សោតកាំពី ក្នុងភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ៕EB