ភ្នំពេញ ៖ លោក មៃខើល តាន់ កេង ស៊ឹង (Michael Tan Keng Siong) ឯកអគ្គរដ្ឋទូតសិង្ហបូរីប្រចាំកម្ពុជា អះអាងថា ការវិនិយោគសិង្ហបូរីនៅកម្ពុជាក្នុងឆ្នាំ២០២០នេះ នៅតែរក្សាបានសញ្ញាល្អ ដោយឈរនៅចំណាត់ថ្នាក់លេខ១០ ក្នុងចំណោមការវិនិយោគពីបរទេស បើទោះជាស្ថិតក្នុងដំណាក់កាលជួបវិបត្តិជំងឺកូវីដ-១៩។

ថ្លែងក្នុងឱកាសចូលជួបជម្រាបលា សម្តេច ហេង សំរិន ប្រធានរដ្ឋសភា មុនពេលចប់អាណត្តិបេសកកម្ម ការទូតនៅកម្ពុជា នាថ្ងៃទី២៦ ខែតុលានេះ លោក Michael Tan Keng Siong បានបញ្ជាក់ថា គិតត្រឹមឆមាសទី១ ឆ្នាំ២០២០នេះ ការវិនិយោគសិង្ហបូរីនៅកម្ពុជា មានទឹកប្រាក់ប្រហែល២ពាន់លានដុល្លារ ដែលចំនួននេះប្រហាក់ប្រហែលនឹងការវិនិយោគ មុនវិបត្តិជំងឺកូវីដ-១៩។ នេះបើតាមការបញ្ជាក់ឲ្យដឹងរបស់លោក កែវ ពិសិដ្ឋ នាយកខុទ្ទកាល័យ សម្តេច ហេង សំរិន ដែលបានប្រាប់អ្នកសារព័ត៌មាននៅក្រោយជំនួប។

លោក បានបន្តថា កាលពីឆ្នាំ២០១៨ និងឆ្នាំ២០១៩ ការវិនិយោគ និងការដោះដូរពាណិជ្ជកម្មទ្វេភាគី គឺមានទឹកប្រាក់ ដូចៗគ្នាប្រហែល៤ពាន់លានដុល្លារ ដែលចំនួនពាណិជ្ជកម្មនេះ ស្តែងចេញពីចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទំាងពីរ មានការរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំនៅលើគ្រប់វិស័យ មានទំាងវិស័យនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការផ្លាស់ប្តូរប្រជាជន បើទោះជាមានការរំខានដោយសារបញ្ហាជំងឺកូវីដ-១៩យ៉ាងណាក្តី។

សម្តេច ហេង សំរិន បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលកើតចេញពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ប្រទេសទំាងពីរនេះ។ សម្តេច មានប្រសាសន៍ថា  រដ្ឋសភាកម្ពុជាពេញចិត្តចំពោះផ្លែផ្កានៃកិច្ចសហប្រតិបត្តិការនានា រវាងរាជរដ្ឋាភិបាលកម្ពុជានិងសិង្ហបុរី លើវិស័យនយោបាយ ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ អប់រំ និងបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ ដែលបានរួមចំណែកដ៏សំខាន់ក្នុងការអភិវឌ្ឍនៅកម្ពុជា៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ