ក្រសួងអប់រំ យុវជន និងកីឡា ប្រជុំរួចហើយត្រៀមបើកសាលាឡើងវិញ ក្រោយចប់ ព្រឹត្តិការណ៍ ២០ កុម្ភៈ
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានប្រជុំ កំណត់រួចជាស្រេចនូវយុទ្ធសាស្ត្រត្រៀម បើកសាលារៀនឡើងវិញ ក្រោយការប្រកាសបិទ ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ។ នេះបើតាមលោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ។
បើតាមលោក រស់ សុវាចា នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា «ជារួមការបើកសាលារៀនឡើងវិញ នាពេលណាមួយខាងមុខនេះ គឺផ្តោតលើគោលការណ៍ សុវត្ថិភាពសុខភាពជាចម្បង ឲ្យស្របទៅនឹងវិធានការ សុខាភិបាល ដើម្បីលើកម្ពស់គន្លងជីវិតថ្មី ក្នុងវិស័យអប់រំ»។
ចំពោះព័ត៌មានពាក់ព័ន្ធការបើកសាលារៀនឡើងវិញ និងទិដ្ឋភាពពាក់ព័ន្ធណាមួយ លោកថា ក្រសួង នឹងជម្រាបជូនសាធារណជន នាពេលក្រោយទៀត។
អ្នកនាំពាក្យក្រសួងអប់រំ ឲ្យដឹងទៀតថា នៅចំពោះមុខនេះ សិស្សានុសិស្សនៅទូទាំង២៥ខេត្ត-រាជធានីត្រូវបន្តអនុវត្តវិធានការ ៣ការពារ ៣កុំ និងអាចរៀនអនឡាញ បានតាមរយៈមាតិកាឌីជីថល របស់ក្រសួង ដូចជា ៖ កម្មវិធីស្វ័យសិក្សា MoEYS E-Learning ដែលមានវីដេអូសិក្សាពីថ្នាក់ទី១ ដល់ថ្នាក់ទី១២ សៀវភៅសិក្សាអេឡិចត្រូនិកដូចជា សៀវភៅសិក្សាគោល សៀវភៅកំណែ អំណានទូទៅ ចំណេះដឹងសាកល រឿងនិទាន កម្មវិធីតេស្តសមត្ថភាព សិស្ស និងទំព័រព័ត៌មានអប់រំ៕