សម្តេចតេជោ ហ៊ុន សែន កោតសរសើរ សម្តេចក្រឡាហោម ស ខេង ចំពោះកិច្ចខិតខំប្រឹងប្រែងបង្ក្រាបការជួញដូរមនុស្ស
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានកោតសរសើរចំពោះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានខិតខំប្រឹងប្រែងបង្ក្រាបការជួញដូរមនុស្ស ហើយរឿងចុងក្រោយរកឃើញក្រឡាដ៏ល្អមួយនៅត្រង់ថា បង្កើត Channelហ្វេសប៊ុក ឬតេឡេក្រាម ដើម្បីទទួលពាក្យបណ្ដឹងនានា ពាក់ព័ន្ធជួញដូរមនុស្សជាដើម។
សម្តេចតេជោ ហ៊ុន សែន កោតសរសើរ សម្តេចក្រឡាហោម ស ខេង បែបនេះ នាឱកាសអញ្ជើញជាអធិបតីក្នុង «វេទិកាជាតិអន្តរសាសនាប្រឆាំងការជួញដូរមនុស្សលើកទី៦» ក្រោមប្រធានបទ «សូមកុំយកកម្ពុជា ធ្វើជាគោលដៅប្រព្រឹត្តអំពើជួញដូរមនុស្ស» ដែលពិធីនេះប្រារព្ធឡើងនៅមជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័រណ៍ជ្រោយចង្វារ រាជធានីភ្នំពេញ នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «ខ្ញុំ សូមថ្លែងការកោតសរសើរចំពោះ សម្ដេចក្រឡាហោម ស ខេង ដែលបានខិតខំធ្វើរឿងនេះ (រឿងជួញដូរមនុស្ស) ហើយរឿងចុងក្រោយរកឃើញក្រឡាដ៏ល្អមួយនៅត្រង់ថា បង្កើត Channelហ្វេសប៊ុក ឬChanneតេឡេក្រាម ឬChanne ដ៏ទៃទៀត ដែលធ្វើឱ្យមិត្តបរទេសរបស់យើង ដែលត្រូវមានពលរដ្ឋខ្លួន ដែលត្រូវគេជួញដូរ ឬបង្ខាំង អាចមកក្នុងគ្រប់ Channe បាន ដើម្បីយើងងាយធ្វើសហប្រតិបត្តិការ ក្នុងលុបបំបាត់ចំណុចអសកម្មទាំងអស់នេះ»។
សម្ដេចតេជោ ហ៊ុន សែន សង្កេតឃើញថា ក្នុងរយៈពេលកម្ពុជា បើកដំណើរការប្រទេសឡើង ឃើញថា ការជួញដូរមន្ស ជួញដូរគ្រឿងញៀន និងអពើខុសច្បាប់ដ៏ទៃទៀត មានការកើនឡើងគួរឱ្យចាប់អារម្មណ៍ ព្រមទាំងល្បែងស៊ីសង់កើតឡើងច្រើនណាស់ ហើយ សម្ដេចក្រឡាហោម ស ខេង ក៏បានដឹកនាំកិច្ចការងារនេះផងដែរ។
សម្ដេចតេជោ បន្ដថា កុំចាំបាច់ នាយករដ្ឋមន្ត្រី ឬរដ្ឋមន្ត្រីមហាផ្ទៃ ស្រែកទើបនាំគ្នាបង្ក្រាមល្បែង សូមនាំគ្នាធ្វើឱ្យដូចភ្លៀងរលឹម ផងដែរ៕EB