ក្រសួងសេដ្ឋកិច្ច បង្កើតក្រុមការងារបច្ចេកទេសចំពោះកិច្ច ដើម្បីជួយប្រជាពលរដ្ឋទទួលរងផលប៉ះពាល់ដោយសាជំងឺកូវីដ-១៩ ក្នុងអំឡុងពេលបិទខ្ទប់
ភ្នំពេញ ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្រេចបង្កើតក្រុមការងារបច្ចេកទេសចំពោះកិច្ច ទទួលបន្ទុករៀបចំក្របខណ្ឌ យុទ្ធសាស្រ្ត និងវិធានការគោលនយោបាយ ស្តីពីអន្តរាគមន៍ជំនួយសង្គម ដើម្បីជួយប្រជាពលរដ្ឋដែលទទួលរងផលប៉ពា ល់ដោយសារជំងឺកូវីដ-១៩ នៅក្នុងអំឡុងពេលអនុវត្តវិធានការបិទខ្ទប់។
យោងតាមសេចក្ដីសម្រេចរបស់ ក្រសួងសេដ្ឋកិច្ច នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ បានបញ្ជាក់ថា ត្រូវបានបង្កើតក្រុម ការងារបច្ចេកទេសចំពោះកិច្ច ចំនួន៤ ដើម្បីធ្វើជាសេនាធិការរបស់ គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) សម្រាប់ជួយសម្រួល និងជាមូលដ្ឋាន ដល់ការរៀបចំក្របខណ្ឌយុទ្ធសាស្ត្រ វិធានការគោលនយោបាយ និងស្ថាប័នីយកម្មវិធានការ ស្ដីពីអន្តរាគមន៍ជំនួយសង្គម ដើម្បីជួយប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ នៅក្នុងអំឡុងពេលអនុវត្តវិធានការ បិទខ្ទប់ រួមមាន ៖
ទី១-ក្រុមការងារបច្ចេកទេសចំពោះកិច្ចទទួលបន្ទុកកំណត់ និងបែងចែកទីតាំងភូមិសាស្ត្រ នៃការអនុវត្តវិធាន ការគោលនយោបាយអន្តរាគមន៍ជំនួយសង្គមរបស់រាជរដ្ឋាភិបាល។
ទី២-ក្រុមការងារបច្ចេកទេសចំពោះកិច្ចទទួលបន្ទុកកំណត់ និងធ្វើអត្តសញ្ញាណកម្មក្រុមប្រជាពលរដ្ឋគោលដៅ។
ទី៣-ក្រុមការងារបច្ចេកទេសចំពោះកិច្ចទទួលបន្ទុកកំណត់របប និងទំហំនៃការអនុវត្តវិធានការគោលនយោបាយ អន្តរាគមន៍ជំនួយសង្គមរបស់រាជរដ្ឋាភិបាល។
និងទី៤-ក្រុមការងារបច្ចេកទេសចំពោះកិច្ចទទួលបន្ទុកកំណត់យន្តការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ ចំពោះយន្តការនៃការអនុវត្តវិធានការគោលនយោបាយអន្តរាគមន៍ជំនួយសង្គមរបស់រាជរដ្ឋាភិបាល៕EB