មន្ដ្រីក្រសួងសុខាភិបាល ៖ កម្ពុជា មានវ៉ាក់សាំងកូវីដ-១៩គ្រប់គ្រាន់ក្នុងដៃ សម្រាប់ចាក់ជូនប្រជាពលរដ្ឋ
ភ្នំពេញ ៖ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានឲ្យដឹងថា រហូតមកដល់ពេលនេះ កម្ពុជាមិន ខ្វះវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋ ហើយវ៉ាក់សាំងនឹងមកដល់កម្ពុជា ជាបន្ដបន្ទាប់ទៀតផងដែរ។
ក្នុងឱកាសទទួលវ៉ាក់សាំងកូវីដ-១៩ ស៊ីណូវ៉ាក់ ចំនួន១លានដូសទៀត នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ លោកស្រី យក់ សម្បត្តិ បានថ្លែងថា «វ៉ាក់សាំងយើងមិនខ្វះទេ គឺយើងមានគ្រប់គ្រាន់ក្នុងដៃហើយ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ ច្បាស់ថា វ៉ាក់សាំងដែលជាយុទ្ធសាស្ដ្រ គឺជាវ៉ាក់សាំងដែលយើងបានបញ្ជាទិញពីប្រទេសចិន ហើយយើងមានវ៉ាក់សាំង គាំទ្រច្រើនទៀត តាមប្រព័ន្ធពីខាងកូវ៉ាក់ យើងនឹងទទួលជាបន្ដបន្ទាប់ ហើយវ៉ាក់សាំងសម្រាប់ប្រទេសកម្ពុជាយើង យើងមិនខ្វះទេ យើងមានផែនការគ្រប់គ្រាន់»។
លោកស្រី បន្ដថា អ្វីដែលចំពោះមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាទិញវ៉ាក់សាំង ហើយមកដល់ជាបន្ដបន្ទាប់ ជាង ២៦លានដូស។ លោកស្រី បញ្ជាក់ថា វ៉ាក់សាំងមាននៅកម្ពុជា នាពេលបច្ចុប្បន្ននេះ មានគុណភាពល្អដូចគ្នា។ លោកស្រី ថា រាជរដ្ឋាភិបាលកម្ពុជា មានផែនច្បាស់លាស់ ដើម្បីចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋខ្លូន ឲ្យបានគ្រប់ៗគ្នា។
យោងតាមរបាយការណ៍របស់ ក្រសួងសុខាភិបាល បានឲ្យដឹងថា គិតត្រឹមថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ ទូទាំងប្រទេស ចំនួន ៧,២៣៣,២៤៧នាក់ ក្នុងនោះ លទ្ធផលចាក់វ៉ាក់សាំងគោលដៅ ១០លាននាក់ បានចំនួន ៧២.៣៣% ហើយ៕EB