ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រាប់ចៅប្រុសថា កុំទៅប្រទេសអាហ្គ្រានីស្ថាន ព្រោះថា ប្រទេសមហាអំណាច បានរត់ចោលអាហ្កានីស្ថាន ហើយទោះបីចៅទៅ ក៏ជួយអ្វីមិនបានដែរ។
ទោះបី សម្ដេចតេជោ ហ៊ុន សែន មិនបានបញ្ជាក់ឈ្មោះប្រទេស មហាអំណាចមួយណាក៏ដោយ តែគេអាចសន្និដ្ឋានបានថា សម្ដេច ចង់សំដៅទៅកាន់មហាអំណាចអាមេរិក ដែលបានដកទ័ពចេញ ប្រទេសអាហ្កានីស្ថាន ធ្វើឲ្យក្រុមតាលីបង់ វាយប្រហារ អាហ្កានីស្ថាន ហើយក្រុមតាលីបង់ ក៏បានកាន់កាប់ អាហ្កានីស្ថាន ផងដែរ។
តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «ម៉ោង៦ និង១៥នាទីព្រឹកម៉ិញ ចៅទី២០ ផ្ញើរូបថត២សន្លឹក និងសារសម្លេងមកឲ្យជីតា ប្រាប់ថា ចៅផ្ញើរូបថតជូនលោកតា។ ខ្ញុំសួរទៅចៅស្លៀកពាក់ទាហ៊ានត្រៀមចេញ ទៅអាហ្រ្គានីស្ថានឬអី? កុំទៅចៅព្រោះមហាអំណាចកំពុងរត់ចោល អាហ្រ្គានីស្ថាន ចៅទៅក៏ជួយអាហ្រ្គានីស្ថាន មិនបានដែរ ព្រោះប្រទេសមហាអំណាច កំពុងចាញ់រត់ទៅផ្ទះគេអស់ហើយ ម្យ៉ាងទៀតកាំភ្លើងចៅមិនទំនើប ដូចកាំភ្លើងប្រទេសមហាអំណាចទេ»។
សម្ដេចតេជោ បានបន្ដថា «ខ្ញុំបន្ថែមថា ចៅកុំទៅ ចៅនៅជួយតា ប្រឆាំងកូវីដ-១៩ល្អជាង ចៅឆ្លើយថា ពេលកូវីដម៉ាក់មិនឲ្យចេញពីផ្ទះទេលោកតា។ ល្អឡើងវិញ»៕