ភ្នំពេញ ៖ កម្ពុជាបាននាំចេញត្បូង និងគ្រឿងអលង្ការ ទៅកាន់ទីផ្សារអន្តរជាតិតម្លៃជិត ១០០លាន កើនឡើងជាង១៣០០% ក្នុងរយៈពេល ៣ខែ ឆ្នាំ២០២២នេះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
តាមទិន្នន័យដែលកត់ត្រាដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ថា ពីខែមករា ដល់ខែមីនា ឆ្នាំ២០២២ កម្ពុជាបាននាំចេញ គុជខ្យងធម្មជាតិ ឬចិញ្ចឹម, ត្បូងថ្មមានតម្លៃ ឬមានតម្លៃមធ្យម, លោហធាតុមានតម្លៃ លោហធាតុស្រោបដោយលោហធាតុមានតម្លៃ គ្រឿងអលង្ការកាឡៃ និងកាក់ មានតម្លៃជាង៩១លានដុល្លារអាមេរិក កើនឡើង១៣៨៧.៥% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២១ ដែលមានតម្លៃត្រឹមតែជាង៦លានប៉ុណ្ណោះ។
ដោយឡែកបើគិតពីការនាំចេញសម្រាប់តែខែមីនា ការនាំចេញត្បូងរបស់កម្ពុជា មានតម្លៃជាង៥៥លានដុល្លារអាមេរិក កើនឡើង ២៨៤១% បើធៀបនឹងរយៈដូចគ្នាកាលពីឆ្នាំមុន ដែលមានតម្លៃត្រឹមតែ១លានប៉ុណ្ណោះ។
ចំណែកការនាំចូលវិញ ក្នុងរយៈពេលបីខែនេះកម្ពុជាបាននាំចូលត្បូងផ្សេងៗ តម្លៃ១ ៣១៧ លានដុល្លារ ថយចុះ៤៦.២% ខណៈការនាំចូលក្នុងខែមីនា ធ្លាក់ ៨៧.៨% គឺមានតម្លៃត្រឹមតែ ១៣៥លានដុល្លារ៕