ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា នៅលើពិភពលោក មិនមានប្រទេសណារងគ្រោះខ្លាំងជាងកម្ពុជាទេ ប៉ុន្តែកម្ពុជាមិនអនុញ្ញាតឲ្យកុមារ និងយុវជនអត់បាយឡេីយ។ នេះបេីយោងតាមគេហទំព័រហ្វេសប៊ុក សម្ដេចតេជោ ហ៊ុន សែន ។

ក្នុងជំនួបពិភាក្សាការងារជាមួយ លោកបណ្ឌិត Wordofa Dereje ប្រធានអង្គការកុមារ SOS អន្តរជាតិ នាថ្ងៃទី១៧  ខែមីនា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា “នៅលើពិភពលោកយើងនេះ មិនមានប្រទេសណារងគ្រោះខ្លាំងជាងគេដូចប្រទេសកម្ពុជានោះទេ ប៉ុន្តែយ៉ាងណាក៏ដោយកម្ពុជាមិនអនុញ្ញាតឲ្យកុមារ និងយុវជនកម្ពុជាអត់បាយនោះទេ”។

សម្តេចតេជោ បានបញ្ជាក់ថា ការិយាល័យល្អមិនមែនជាអាទិភាពរបស់កម្ពុជា សម្រាប់មន្ត្រីកម្ពុជានោះទេ ប៉ុន្តែជម្រកនឹងសេចក្តីត្រូវការរបស់កុមារទេ ដែលជាអាទិភាពរបស់កម្ពុជា។

នាឱកាសនោះ លោកបណ្ឌិត Wordofa Dereje បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឲ្យអង្គការSOS ធ្វើជាដៃគូកន្លងមក ហើយដៃគូនេះទៀតសោត បានអនុញ្ញាតឲ្យអង្គការ SOS មានដំណើរការកាន់តែខ្លាំងឡើងក្នុងរយៈពេល២០ឆ្នាំកន្លងមកនេះ ក្នុងការបំពេញបេសកកម្មជួយដល់កុមារ និងផ្ដល់ជូន កុមារ និងក្រុមគ្រួសារនូវ ក្តីស្រឡាញ់ ការថែទាំ និងជាពិសេសការអប់រំដើម្បីជួយដល់កុមារទាំងនោះឲ្យបានប្រែក្លាយសុបិនរបស់ពួកគេទៅជាការពិត ។

លោក បានប្ដេជ្ញាចំពោះ សម្ដេចតេជោ ហ៊ុន សែន ថា អង្គការ SOS នឹងប្រឹងប្រែងបន្តទៀត ដើម្បីជួយដល់កុមារឲ្យកាន់តែច្រើនឡើង ក្នុងការសម្រេចបានក្នុងក្តីសុបិន្តរបស់ពួកគេ។

ជាការឆ្លេីយតប សម្ដេចតេជោ ហ៊ុន សែន ក៏បានឯកភាពជាមួយអង្គការ SOS ក្នុងការថែរក្សាកុមារ ដើម្បីឱ្យកុមារចេញទៅមានចំណេះវិជ្ជាអាចរកការងារធ្វើ អាចបម្រើការងារ ឬអាចប្រកបអាជីវកម្មតាមក្តីសុបិនរបស់ពួកគេ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ